រដ្ឋាភិបាល សហរដ្ឋអាមេរិក បានសម្រេចផ្ដល់អាវុធដល់កងកម្លាំងជនជាតិ ខឺត ក្នុងប្រទេស ស៊ីរី មុនពេលចាប់ផ្ដើមប្រតិបត្តិការរំដោះទីក្រុង រ៉ាកកា ដែលជាមូលដ្ឋានធំរបស់ក្រុម ISIS ក្នុងប្រទេស ស៊ីរី នៅពេលដែលមូលដ្ឋានធំរបស់ក្រុមនេះប្រចាំនៅក្នុងប្រទេស អ៊ីរ៉ាក់ ជិតដល់ពេលដួលរលំ ក្រោមប្រតិបត្តិការរបស់ទាហាន អ៊ីរ៉ាក់ ។
ទោះជាមានការជំទាស់ពីប្រទេស ទួរគី ប៉ុន្តែលោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យកងទ័ព អាមេរិក ផ្ដល់ជំនួយសព្វាវុធដល់កងកម្លាំងជនជាតិ ខឺត ជាក្រុមប្រដាប់អាវុធដែល អាមេរិក ទុកចិត្តបំផុតនៅមជ្ឈិមបូព៌ា និងបានប្រយុទ្ធរួមគ្នាជាមួយទាហាន អាមេរិក ចាប់តាំងពីឆ្នាំ ២០១៥ ។ បច្ចុប្បន្ន ISIS រ៉ាក់ការ គឺជាទីបញ្ជាការសម្រាប់ប្រតិបត្តិការក្នុងប្រទេស ស៊ីរី ដែលទាមទារឲ្យបស្ចិមប្រទេស ត្រូវតែរំដោះមកវិញ ។
ការផ្ដល់អាវុធដល់កងកម្លាំងជនជាតិ ខឺត ធ្វើឲ្យប្រទេស ទួរគី ខឹងសម្បារយ៉ាងខ្លាំង ព្រោះក្រុមនោះ គឺជាកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល ទួរគី ព្រមទាំងមានមូលដ្ឋាននៅភាគអាគ្នេយ៍ប្រទេស ទួរគី ចាប់តាំងពីឆ្នាំ ១៩៨៤ ។ ឧបនាយករដ្ឋមន្ត្រី ទួរគី និយាយថា ប្រសិនបើ អាមេរិក មិនបញ្ឈប់ផ្ដល់អាវុធទៅឲ្យកងកម្លាំងជនជាតិ ខឺត ដូច្នេះ អាមេរិក ក៏ស្ថិតនៅក្នុងក្រុមតែមួយជាមួយក្រុមភេរវកម្មដែរ ។

