អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង បានកោះហៅឯកអគ្គរដ្ឋទូតបរទេសទាំងឡាយប្រចាំទីក្រុង ព្យុងយ៉ាង ឲ្យជួបជុំគ្នាដើម្បីស្ដាប់សេចក្ដីរាយការណ៍នៃព័ត៌មានដែលភ្នាក់ងារសម្ងាត់ កូរ៉េខាងជើង រកឃើញថា ភ្នាក់ងារចារកម្មមជ្ឈិម CIA របស់ អាមេរិក ឃុបឃិតជាមួយ កូរ៉េខាងត្បូង ជួលបុរសជនជាតិ កូរ៉េខាងជើង ឲ្យធ្វើឃាតមេដឹកនាំ គីម ជុងអ៊ុន ដោយប្រើប្រាស់សារធាតុគីមីពុល ក្នុងនោះមានសារធាតុវិទ្យុសកម្មផងដែរ ។
លោក ហាន ស៊ុងយុល អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង បញ្ជាក់ថា បុរសជនជាតិ កូរ៉េខាងជើង ម្នាក់មានត្រកូល គីម ជាមនុស្សដែលធ្វើការក្នុងតំបន់មួយចុងភាគខាងកើត ប្រទេស រុស្ស៊ី បានទាក់ទងជាមួយនឹងភ្នាក់ងារ កូរ៉េខាងត្បូង ឈ្មោះ ចូ គីមឆុល និងភ្នាក់ងារសម្ងាត់ម្នាក់ផ្សេងទៀតឈ្មោះ វូ ក្វាងហៃ បានជួបជាមួយបុរសជនជាតិ កូរ៉េខាងជើង ក្នុងតំបន់ ដានទុង ជាប់ព្រំដែនជាមួយប្រទេស ចិន ជាពេលដែលពួកគេប្រគល់ឧបករណ៍ទំនាក់ទំនង និងលុយសម្រាប់បេសកកម្មធ្វើឃាតមេដឹកនាំ គីម ជុងអ៊ុន ។
អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង និយាយថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង នឹងធ្វើកិច្ចការគ្រប់យ៉ាងដើម្បីនាំយកឧក្រិដ្ឋជនមកកាត់ទោស ព្រមទាំងប្ដេជ្ញាដាក់ទណ្ឌកម្មអ្នកផ្ដួចផ្ដើមគំនិតអនុវត្តអំពើភេរវកម្មដែលគាំទ្រដោយប្រទេសមួយ ។ កូរ៉េខាងជើង ក៏បានរកឃើញថា បុរសម្នាក់ឈ្មោះ ហាន បានណែនាំដល់បុរសឈ្មោះ គីម ឲ្យជ្រើសរើសមនុស្សមួយចំនួនផ្សេងទៀតសម្រាប់ជួយក្នុងការធ្វើឃាតនោះ ដោយមានភ្នាក់ងារ CIA ជាអ្នកផ្ដល់សារធាតុវិទ្យុសកម្ម ចំណែកភ្នាក់ងារសម្ងាត់ កូរ៉េខាងត្បូង តាមជួយទាំងសម្ភារ ការធ្វើទំនាក់ទំនង និងផ្ដល់ប្រាក់ ។
ប្រភពៈ belfasttelegraph

