ក្លឹបបិសាចក្រហម Manchester United បានខិតជិតស៊ីញេកុងត្រា ជាមួយខ្សែបម្រើរបស់ក្លឹបអេស្ប៉ាញ Espanyol កីឡាករ Armu Puigmal នេះបើតាមប្រភពកាសែតមានប្រភពពីទឹកដីកាតាឡាន់ Sport ។
ប្រភពខាងលើបានបន្តថា បិសាចក្រហមបានយល់ព្រមកិច្ចសន្យាជាមួយ Puigmil រួចហើយ គឺជាខ្សែបម្រើប្រកបដោយសក្ដានុពលម្នាក់កើតនៅឆ្នាំ២០០១ ហើយបច្ចុប្បន្ន រូបគេលេងក្នុងឈុតយុវជនរបស់ Espanyol ។ ក្លឹបមានឈ្មោះថា Red Devil ចាប់ផ្ដើមពង្រឹងក្រុមយុវជនរបស់ខ្លួនឲ្យកាន់តែខ្លាំងបន្ទាប់ពីសាក្សីជាច្រើនបង្ហាញថា ក្រុមយុវជនរបស់ក្លឹបមួយនេះ បានស្ថិតក្នុងចំណាត់ថ្នាក់លើគូរប្រជែង Man City ក្នុងនាមជាក្លឹបទទួលបានភាពជោគជ័យក្នុងការបណ្ដុះបណ្ដាលកីឡាករ។
ការស៊ីញេកុងត្រានេះ មិនមែនជារឿងធម្មតានោះទេគឺ Man Utd បានដាក់គោលដៅទៅកាន់ទីផ្សាអេស្ប៉ាញ ហើយថ្មីៗនេះគោលបំណងរបស់គេគឺចាប់អារម្មណ៍ Puigmal ។ កីឡាកររូបនេះ ត្រូវបានគេសន្និដ្ឋានថា មានអនាគតល្អទៅថ្ងៃអនាគតបន្ទាប់ពីឈ្នះពាន MVP ក្នុងព្រឹត្តិការណ៍ Mediterranean International Cup ជាពានរង្វាន់ដែល Man Utd បាននាំកីឡាករយុវជនរបស់ខ្លួនទៅចូលរួមប្រកួតដែរ។
កីឡាករវ័យក្មេងត្រូវបានគេហទំព័រ Sport ពណ៌នាថាជាកីឡាករមានកាយសម្បទាខ្លាំង ដោយអាចលេងបានច្រើនដំណែងហើយពូកែរកគ្រាប់បាល់ជាទីបំផុត៕
