
ខេត្តបាត់ដំបង៖ រាជរដ្ឋាភិបាលនឹងដំឡើងឋានន្តរសក្ដិ ដល់ អធិការនៃអធិការដ្ឋាននគរបាលស្រុក នៅទូទាំងប្រទេសឲ្យពាក់សក្តិ ៥ ទាំងអស់ ឲ្យរួចរាល់នៅចុងឆ្នាំ២០១៧និងដើម២០១៨។ នេះបើយោងតាមប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ បានថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់មន្រ្តីនគរបាលជាតិ ស្នងការខេត្តបាត់ដំបងជាង៧០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក បានមានប្រសាសន៍ថារាជរដ្ឋាភិបាលនឹងដំឡើងឋានន្តរសក្ដិដល់អធិការនគរបាលស្រុកខណ្ឌទាំងអស់ ជាវរសេនីយ៍ឯក ឲ្យបានរួចរាល់នៅចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ ពីព្រោះពីមុនបានឋានន្តរសក្ដិត្រឹមតែវរសេនីយ៍ទោ ហើយត្រូវឆាប់ចូលនិវត្តន៍ក្នុងអាយុ៥៥ឆ្នាំ ដែលហាក់ដូចជានៅក្មេងពេក ខណៈពួកគេនៅអាចបន្តធ្វើការបាន ហើយមានបទពិសោធន៍ច្រើនទៀត។