រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសថា ខ្លួននឹងធ្វើការរាប់សន្លឹកឆ្នោតឡើងវិញនៅទីតាំងការិយាល័យបោះឆ្នោតទាំង២៣ នៃឃុំដូង របស់ខេត្តស្វាយរៀង ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់និងតម្លាភាពនូវសំឡេងគាំទ្រគណបក្សនយោបាយដែលទទួលបានការគាំទ្រ។
ការប្រកាសនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទីច័ន្ទ ១២ មិថុនា ដើមសប្តាហ៍ក្រោយ វេលាម៉ោង៨ ព្រឹកនៅទីស្ដីការ គ.ជ.ប។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយរបស់ គ.ជ.បចុះថ្ងៃទី១០ ខែមិថុនា។
សូមបញ្ជាក់ថា កាលពីម្សិលមិញ គ.ជ.ប ក៏បានបង្ហាញពីកម្មវិធីដឹកជញ្ជូនកញ្ចប់សន្លឹកឆ្នោត (កញ្ចប់ "ឃ") ពីរាជធានី ខេត្តទាំង២៥ មករក្សាទុកនៅទីស្ដីការ និងឃ្លាំង គ.ជ.បផងដែរ ដែលការដឹកនោះត្រូវរបស់ប្រើប្រាស់រយៈពេល៣ថ្ងៃ។
ចំណែកបណ្ដឹងវិញ គិតត្រឹមថ្ងៃទី០៦ មិថុនា គ.ជ.ប ទទួលបានបណ្ដឹងចំនួន ៧១បណ្ដឹង ក្នុងនោះ ២៨បណ្ដឹង ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និង ៤៣បណ្ដឹង ប្ដឹងសុំឱ្យដាក់ពិន័យចំពោះអ្នកប្រព្រឹត្តល្មើសលើបទប្បញ្ញត្តិនៃជំពូកទី១៤ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស)។
