
រាជធានីភ្នំពេញ៖ បន្ទាប់ពី គ ជ ប ចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញ និងប្រជុំសម្រេចយ៉ាងម៉ត់ចត់ពីសំណាក់ សមាសភាព គ ជ ប ទាំង៩រូប ក្រោយបញ្ចប់ការរាប់សន្លឹកឆ្នោតទាំង ២៣ ការិយាល័យឃុំ ដូង ក្នុងស្រុក រមាសហែក ខេត្តស្វាយរៀងនោះ កៅអី មេឃុំមួយនេះ បានធ្លាក់ទៅលើ គណបក្សប្រជាជនកម្ពុជា។
នេះបើតាម ឯកឧត្ដម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ដែលបាននៅរង់ចាំលទ្ធផលប្រជុំសម្រេចចុងក្រោយ នៅទីស្តីការ គ ជ ប នារសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៧នេះ។
ការកាន់កាប់កៅអីមេឃុំដែលស្ថិតនៅជាប់ព្រំដែនវៀតណាមនេះ គណបក្សកាន់អំណាច ទទួលបានសំឡេងគាំទ្រប្រផុតប្រផើយលើ គណបក្សប្រឆាំងធំជាងនៅកម្ពុជា តែពីរសំឡេងប៉ុណ្ណោះ (CPP: 2611, CNRP: 2609) ខណៈលទ្ធផលបឋមនៃការរាប់សន្លឹកឆ្នោត នៅគណៈកម្មការ ឃុំ -សង្កាត់ រៀបចំការបោះឆ្នោត នៅឃុំដូង បក្សសង្គ្រោះជាតិមានប្រៀបជាង ៣សំឡេង (CRNP: 2599, CPP: 2596)។
កត្តាដែលធ្វើឲ្យមានភាពចម្រូងចម្រាស រវាងគណបក្សធំៗទាំងពីរ ហើយក៏ធ្វើឲ្យ គ ជ ប ឈឺវិលមុខស្ទើរតែរកប្រេងខ្យល់ម្តងៗនោះ គឺដោយសារ ពលរដ្ឋភាគច្រើនមិនបានគូស ឬមិនចេះគូសសញ្ញាឲ្យបានត្រឹមត្រូវក្នុងប្រអប់បក្សនយោបាយនីមួយៗនៃសន្លឹកឆ្នោត ដោយខ្លះមានសរសេរ អក្សរ- លេខ ចុះហត្ថលេខាលើសន្លឹកឆ្នោត គូសលើសពីមួយនៅកន្លែងផ្សេងគ្នា និងធ្វើឲ្យមានស្នាក់ប្រឡាក់ផ្សេងៗលើសន្លឹកឆ្នោត។
សូមបញ្ជាក់ថា បន្ទាប់ពីរាប់សន្លឹក ឃុំដូង ខេត្តស្វាយរៀងឡើងវិញនេះ គ.ជ.ប ក៏ប្រកាសថា ខ្លួននឹងរាប់សន្លឹកនៅខេត្តពីរទៀតនៅថ្ងៃទីពុធ ស្អែកនេះផងដែរ រួមមាន នៅ ៩ ការិយាល័យនៃឃុំបឹងប្រាំ ខេត្តបាត់ដំបង និង មួយការិយាល័យ នៃឃុំក្លែង ខេត្តកំពង់ធំ៕
