រដ្ឋមន្ត្រីហិរញ្ញវត្ថុ ប្រទេសកាតា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន ដោយលើកឡើងថា ទីក្រុងដូហា គ្មានការបារម្ភអំពីផលប៉ះពាល់អវិជ្ជមានណាមួយ ដែលបង្កឡើងដោយប្រទេសជិតខាង តាមរយៈការដាក់ទណ្ឌកម្មនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Ali Shareef Al Emadi បាននិយាយថា "កាតាអាចនឹងជួបបញ្ហាប្រឈមខ្លះៗ ប៉ុន្តែយើងនៅមានធនធាន និងសន្តិសុខ ដែលយើងត្រូវការ។ យើងមានធនធានបរទេស គឺការបណ្ដាក់ទុនពីប្រទេសនានា ដែលមានច្រើនជាង ២៥០ភាគរយ នៃ GDP ដូច្នេះទីក្រុងដូហាអាចការពាររូបិយវត្ថុបាន មានន័យថា គ្មានផលប៉ះពាល់អវិជ្ជមានណាមួយចំពោះសេដ្ឋកិច្ចក្នុងស្រុក និងសេដ្ឋកិច្ចប្រជាជនឡើយ"។
គួររម្លឹកផងដែរថា បណ្ដាប្រទេសនៅរដ្ឋអារ៉ាប់មានដូចជា បារ៉ែន អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមបានកាត់ផ្ដាច់ការទូត ចេញពីប្រទេស កាតា ដោយពួកគេយល់ថា រដ្ឋាភិបាលទីក្រុងដូហា គាំទ្រក្រុមភេរវកម្ម នៅក្នុងប្រទេស បើទោះបីជារូបលោកបដិសេធក៏ដោយ៕
