
ប៉ាគីស្ថាន៖ មានហេតុការណ៍ក្រឡាប់ និងផ្ទុះឡានដឹកប្រេងមួយគ្រឿង ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើនរយនាក់ ស្ថិតនៅក្នុងតំបន់មួយនាប្រទេសប៉ាគីស្ថាន។ នេះបើកយោងតាមគេហទំព័រសារព័ត៌មាន channelnewsasia បានចុះផ្សាយនាព្រឹកថ្ងៃច័ន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
មេប៉ូលិសក្នុងតំបន់លោក Raja Riffat បាននិយាយប្រាប់ថា ឡានដឹកប្រេងដែលមានចំណុះ ៤ម៉ឺនលីត្រ ក្រឡាប់ និងផ្ទុះ ដែលបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច ១៤០នាក់ និង១០០នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងរថយន្ត និងម៉ូតូជាច្រើនគ្រឿងត្រូវបានខូចខាតទាំងស្រុង។ ហេតុការណ៍នេះកើតឡើងនៅក្នុងភាគខាងកើតភូមិ Ahmedpur ស្ថិតនៅខេត្ត Punjab។
គួររម្លឹកផងដែរថា ១០នាទីក្រោយការក្រឡាប់រថយន្តដឹកប្រេងនេះ កងកម្លាំង និងរថយន្តពន្លត់អគ្គីភ័យជាច្រើន បានធ្វើការអន្តរាគមន៍ភ្លាមៗ។ នេះជាហេតុការណ៍ដ៏អាក្រក់មួយដែល កើតឡើងក្នុងប្រទេសនេះ៕
