
បុរសជនសង្ស័យម្នាក់ជឿជាក់ថា កំពុងត្រៀមខ្លួនវាយប្រហារដោយគ្រាប់បែកអត្តឃាតទៅលើស្ថានីយរថភ្លើងមួយកន្លែង ក្នុងទីក្រុង ប្រ៊ូស៊ែល ត្រូវបានក្រុមទាហានប្រទេសប៊ែលហ្សិក បាញ់សម្លាប់ភ្លាមៗដោយមិនពន្យារពេល។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
កងកម្លាំងយោធាប្រទេសប៊ែលហ្សិក បានសម្រេចធ្វើការបាញ់សម្លាប់បុរសម្នាក់ភ្លាមៗ ដោយ សង្ស័យថា ជាសមាជិកក្រុមសកម្មប្រយុទ្ធ ចំពេលដែលគេត្រៀមធ្វើការវាយប្រហារនៅស្ថានីយរថភ្លើង ក្នុងទីក្រុង ប្រ៊ូស៊ែល ដោយកងកម្លាំងខាងលើជឿជាក់ថា បុរសរូបនេះមាន មានបំពាក់ឧបករណ៍ផ្ទុះមួយចំនួនជាប់ខ្លួន។
គួរបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍នេះ អាជ្ញាធរបានរាយការណ៍ថា ពុំមាននរណាម្នាក់ទទួលរងរបួសឡើយ។ យ៉ាងណាមិញក្រោយជនសង្ស័យខាងលើស្លាប់ ព្រះរាជអជ្ញាទីក្រុងប្រ៊ូស៊ែលចាត់ទុកថា វាជាសកម្មភាពត្រៀមវាយប្រហារភេរវកម្មមួយរបស់ក្រុមជ្រុលនិយម។ ប៊ែលហ្សិកគឺជាប្រទេសមួយដែលធ្លាប់ទទួលរងការវាយប្រហារបែបភេរវកម្មជាច្រើនដងមកហើយ ដោយលែកក្នុងឆ្នាំ២០១៦ មានមនុស្សស្លាប់រហូតដល់ ៣២នាក់ និងរាប់រយនាក់រងរបួស៕
