យោងតាមព័ត៌មាន CNN បានចុះផ្សាយនៅព្រឹកនេះថា យោធាសហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច សម្រាប់ឆ្លើយតបកូរ៉េខាងជើង ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រំាសង្កត់ធ្ងន់ថា ប្រសិនបើទីក្រុងព្យុងយ៉ាង បំផ្ទុះមីស៊ីលផ្លោង ឬប្រភេទនុយក្លេអ៊ែរណាមួយនៅថ្ងៃអាទិត្យដូចដែលបានអះអាងកាលពីម្សិលមិញនោះ ប្រទេសផ្ដាច់ការមួយនេះនឹងត្រូវទទួលរងនូវការឆ្លើយតបវិញយ៉ាងសក្ដិសមបំផុតទៅនឹងទង្វើដ៏ផ្គើនរបស់ពួកគេ។
ទីប្រឹក្សាសន្តិសុខជាតិលោក HR McMaster ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងប្រឆាំងនឹងកូរ៉េខាងជើងរបស់សហរដ្ឋអាមេរិក ពេលនេះបានរៀបចំខ្លួនរួចជាស្រេចហើយ។ លោកនិយាយថា អ្វីដែលយើងត្រូវត្រៀមកម្លាំងនោះ គឺដោយសារប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា "រូបលោកមិនអាចទទួលយកការគំរាមកំហែង និងអំណាចនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានឡើង ការបញ្ឈប់សកម្មភាពទីក្រុងព្យុងយ៉ាង គឺជាគោលដៅរបស់ប្រជាជនអាមេរិក"៕

