
យោងតាមសេចក្ដីរាយការណ៍មួយរបស់សេតវិមានបានឲ្យដឹងថា សភាអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើប្រទេស រុស្ស៊ី ដោយយល់ថាជាការពិន័យដ៏ធ្ងន់ធ្ងរមួយ ចំពោះបញ្ហាចម្រោងចម្រាស់មួយចំនួន បូករួមទាំងការជ្រៀតជ្រែករបស់ទីក្រុង ម៉ស្គូ ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិក ក្នុងឆ្នាំ២០១៦។ យោងតាមការចុះផ្សាយរបស់របស់សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
ព្រឹទ្ធសភាលោក Chuck Schumer បាននិយាយថា ទណ្ឌកម្មថ្មីនេះត្រូវបានអនុម័តឡើង ក្នុងគោលបំណងបញ្ឈប់នូវសកម្មភាពឈ្លានពានរបស់ រុស្ស៊ី ដូចជា លូកដៃចូលក្នុងដំណើរបោះឆ្នោត ជ្រើសរើសប្រធានាធិបតី អាមេរិក ក្នុងឆ្នាំ២០១៦ ការដាក់បញ្ចូលតំបន់គ្រីមៀរបស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួន និងការគាំទ្រដល់រដ្ឋាភិបាលស៊ីរី ក្នុងសង្គ្រាមស៊ីវិលជាដើម។
គួរបញ្ជាក់ផងដែរថា ច្បាប់ទណ្ឌកម្មថ្មីខាងលើនេះ ធ្លាប់ប្រើចំពោះប្រទេសអុីរ៉ង់ ហើយពេលនេះ ក៏ត្រូវបានទីក្រុងវ៉ាស៊ីងតោនយកមកអនុវត្តន៍ទៅលើប្រទេស រុស្ស៊ី។ យ៉ាងណាមិញចំពោះការឆ្លើយតបរបស់រដ្ឋាភិបាល លោក ពូទីន យ៉ាងណានោះ ពុំទាន់ទទួលដំណឹងនៅឡើងទេ៕
