កំពូល Super Star របស់ Real Madrid កីឡាករ Cristiano Ronaldo បានសរសើរ Lionel Messi ហើយបាននិយាយថា គាត់ចូលចិត្តមើលការប្រកួតរបស់ Messi។
អ្នកទាំងពីរ ជាកីឡាករលំដាប់ពិភពលោកល្អជាងគេបំផុត ដោយបានចែកគ្នាឈ្នះពាន Ballon d'Or ក្នុងរយៈពេល៩ឆ្នាំចុងក្រោយ ហើយអ្នកទាំងពីរ ត្រូវបានគេយកមកប្រៀបធៀបគ្នាគ្រប់ៗរដូវកាលទាំងអស់។ ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ ដែលត្រូវជួបក្រុមតទល់ជាមួយ Juventus ក្នុងវគ្គផ្ដាច់ព្រ័ត្រChampions League នៅថ្ងៃសៅរ៍នេះ បាននិយាយថា Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងអស់ ដែលគាត់ចូលចិត្តមើលការលេងក្នុងទីលានបំផុត។
“ ខ្ញុំចូលចិត្តមើលកីឡាករល្អៗទាំងអស់លេង ហើយ Messi ជាកីឡាករម្នាក់ក្នុងចំណោមនោះ ខ្ញុំពិតជាចូលចិត្តមើលគាត់លេងក្នុងទីលាន ជាមួយនឹងកីឡាករល្អៗដទៃទៀត"។ Ronaldo និយាយក្នុងគេហទំព័រ Fox Sport Argentina ។
កីឡាករវ័យ៣២ឆ្នាំ ក៏បាននិយាយបន្តទៀតទំនាក់ទំនងរបស់គាត់នឹង Messi មានជាយូរមកហើយ គឺគាត់ក៏មិនចូលចិត្តនរណា ដែលយកពួកគាត់ទាំងពីរទៅប្រៀបធៀបគ្នា។
“ ទីណាក៏ដោយ! ពេលដែលខ្ញុំនៅជាមួយគាត់ ខ្ញុំតែងតែមានទំនាក់ទំនងល្អជាមួយ Messi ។ ទោះបីជាខ្ញុំមិនទៅលេងដល់ផ្ទះរបស់គាត់ និងហូបអាហារជុំគ្នាក្ដី គឺគាត់លើសពីមិត្តភ័ក្ដិទៅទៀត ប៉ុន្តែខ្ញុំចាត់ទុកគាត់ជាដៃគូបែបវិជ្ជាជីវៈ ហើយគាត់មិនមែនជាគូប្រជែងរបស់ខ្ញុំទេ ហើយដោយសារខ្ញុំមិនចូលចិត្ត ពិសេសការប្រៀបធៀបហ្នឹងតែម្ដង។ វាគឺជាផ្នែកមួយនៃការងារ និងបាល់ទាត់ពិភពលោក" ៕
