រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹកប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី ០៦-១២ ខែកក្កដា ឆ្នាំ ២០១៧ខាងមុខនេះ ខ្យល់មូសុងនិរតីបានបង្កើនឥទ្ធិពលរបស់ខ្លួនមកលើប្រទេសកម្ពុជា ហើយព្រមគ្នានេះជ្រលងសម្ពាធទាបក៏បានអូសបន្លាយមកលើកម្ពុជាដែរ ដែលបាតុភូតនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ ពីកម្រិតបង្គួរទៅច្រើន នៅតំបន់នីមួយៗរបស់កម្ពុជា។
យោងតាមការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ដែលបានចេញផ្សាយនៅរសៀលថ្ងៃទី ០៥ ខែកក្កដានេះបានឲ្យដឹងថា នៅសប្ដាហ៍ទី៤ កក្កដា ដល់សប្ដាហ៍ទី១ ខែសីហា កម្ពុជានឹងមានកូនរដូវប្រាំងផងដែរ ជាពិសេសបណ្ដារាជធានី-ខេត្ត ដែលនៅក្រោយជួរភ្នំក្រវ៉ាញ (ភ្នំពេញ កណ្តាល កំពត កំពង់ស្ពឺនិង តាកែវ) ដូច្នេះសូមប្រជាកសិករទាំងអស់ថែរក្សាទឹកក្នុងស្រែឲ្យបានល្អ។
