រាជធានីភ្នំពេញ៖ ម្ចាស់រថយន្តធុនដ្រា (Thundra) 2011ដែលបានឆាបឆេះកានៅលើផ្លូវជាតិលេខ4 ជិតដល់ផ្សារបែកចាននោះ នៅរសៀលថ្ងៃនេះបានចេញសារបំភ្លឺព័ត៌មានជាក់លាក់ ទាក់ទងពីមូលហេតុនៃការឆាបឆេះឡានរបស់ខ្លួន កាលវេលាម៉ោង៨:១៥ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ។
ម្ចាស់រថយន្តធុនដ្រារូបនេះ មានឈ្មោះ ឆឹម ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាចៅក្រមមួយរូបនោះនៅសាលាដំបូងខេត្តកំពង់ស្ពឺនោះ បានបញ្ចេញសំណេរបកស្រាយលើគណនីហ្វេសប៊ុកខ្លួនយ៉ាងដូច្នេះថា៖ ១/រថយន្តខ្ញុំនោះគឺ ប្រើសាំងមិនបានប្រើប្រព័ន្ធហ្គាសនោះទេ ដោយសារបារម្ភពីសុវត្ថិភាពនេះឯង ប៉ុន្តែនៅតែឆេះដដែល។
២/ក្នុងកំឡុងពេលដែលរថយន្តកំពុងរត់នៅលើដងផ្លូវក្នុងល្បឿន៧០ទៅ80kmក្នុងមួយម៉ោងក្នុងពេលនោះខ្ញុំបានមើលតាមកញ្ចក់ក្រោយឃើញភ្លើងឆេះចេញពីធុងសាំងកម្ពស់អណ្ដាតភ្លើងជាង១ម៉ែត្រទៅហើយពេលបានដឹងភ្លាមខ្ញុំក៏ឈប់ឡានជាបន្ទាន់ ហើយក៏បានគិតពីសុវត្ថិភាពរបស់បងប្អូននៅតាមដងផ្លូវព្រមទាំងខ្លាចឆេះផ្ទះអ្នកស្រុកនិងធនាគារនៅទល់មុខនេះ ខំប្រឹងតាំងចិត្តចតបន្ទាន់នៅកណ្ដាលទ្រូងផ្លូវ ដើម្បីជៀសវាងការខូចខាតច្រើនដល់អ្នកស្រុក សុខចិត្តគិតថា យ៉ាងម៉េចជាឆេះតែម្នាក់ឯងចុះ។
៣/ បញ្ហាបង្កពីការឆាបឆេះនេះ គឺអាចបណ្ដាលមកពីជាងជួសជុលរថយន្ត បានប្តូរបូមសាំងឲ្យខ្ញុំមានការខ្ជីខ្ជាមិនយកចិត្តទុកដាក់ វាយសំពងខ្លាំងៗគ្រាន់តែដូរបូមសាំងសោះ អាចធ្លាយនៅចំណុចណាមួយ ឬរិតប្រេភ្ជាប់មិនបានល្អដូចដើម អាចសាចប្រេងចូលបំពង់ស៊ីម៉ាំងកំពុងក្តៅទើបបណ្ដាលឲ្យឆាបឆេះតែម្តងទៅ សូមបញ្ជាក់ថា រយៈពេលប្តូរអស់ពីរសប្តាហ៍មកហើយ។
៤/ចំពោះមិត្តភក្តិដែលបានផ្តល់ជាគំនិតឲ្យទៅប្តឹងជាងដើម្បីទាមទារសំណងនិងការទទួលខុសត្រូវនោះ ខ្ញុំយល់ឃើញថា ស្ថានភាពជីវភាពគ្រួសារជាងមានការខ្វះខាតមានការ៉ាស់តូច ខ្ញុំសម្រេចចិត្តអហោសិកម្មមិនប្តឹងផ្តល់ទេ ចាត់ទុកជាគ្រោះចង្រៃរបស់ខ្ញុំទៅចុះ តែសូមផ្តាំទៅជាងថាធ្វើការឲ្យមានការយកចិត្តទុកដាក់ផងកុំខ្ជីខ្ជានិងការងារត្រូវចាត់ទុករថយន្តរបស់ភ្ញៀវដូចជារថយន្តរបស់ខ្លួន ប្រហែលជាថ្ងៃក្រោយគ្មាននរណាម្នាក់អត់ឱនឲ្យអ្នកទៀតទេ។
៥/ ចំពោះព័ត៌មានមួយចំនួនដែលបានចុះផ្សាយថាមានមនុស្សស្រីជិះជាមួយនោះគឺជាអ្នកធ្វើការក្នុងផ្ទះដែលត្រូវត្រឡប់ទៅស្រុកកំណើតវិញនៅឯកំពង់ស្ពឺ ស្របពេលខ្ញុំត្រូវធ្វើការក៏ជូនទៅតែម្តង ពេលនេះគេបានទៅជួបឪពុកម្តាយគេហើយ។
ចំពោះការប្រមាថតួនាទីរបស់ខ្ញុំពីសំណាក់បងប្អូនវិញ គឺខ្ញុំសូមអរគុណដល់ដែលបានចំណាយពេលមានតម្លៃដែលបានស្វែងយល់ពីតួនាទីខ្ញុំច្បាស់ ហើយប្រមាថដើម្បីបន្ថយគំនុំផ្ទាល់ខ្លួនរបស់បងប្អូន។ចំពោះរូបខ្ញុំដែលមិនដឹងអីសោះ ខ្ញុំស្រឡាញ់ណាស់យុត្តិធម៌លុយប៉ុន្មានក៏មិនអាចទិញសតិសម្បជញ្ញៈ និង វិចារណញ្ញាណ របស់ខ្ញុំបានឡើយ ។
ទោះជាខំបកស្រាយយ៉ាងណាក៏បងប្អូនគ្មានថ្ងៃជឿដែរ សំខាន់គឺជួបផ្ទាល់ មនុស្សក្នុងលោកមិនថា ជាតិសាសន៍ណាទេតែងតែមានល្អនិងអាក្រក់សូមធ្វើការបែងចែកខ្លះផង កុំប្រមាថយ៉ាងដូច្នោះវាពិតជាមានបាបណាស់សម្រាប់យើងជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា វាសនារបស់មនុស្សមិនដូចគ្នាទេ ឧប្បត្តិហេតុកើតឡើងម្តងគេម្តងយើងនិងជួបគ្រោះថ្នាក់ គ្រាន់តែគ្រោះនោះតូចឬធំដល់អាយុជីវិតឬមិនដល់អាយុជីវិតតែប៉ុណ្ណោះ។
នេះហើយជារឿងពិតដែលបានកើតឡើងម្សិលមិញនេះសូមបងប្អូនកុំសង្ស័យនិងយល់ច្រឡំតទៅទៀត និង សូមអរគុណបងប្អូនញាត្តិមិត្តដែលមានក្តីអាណិតអាសូរដល់ខ្ញុំ និងសូមជូនពរបងប្អូនឲ្យជួបតែសេចក្តី សុខ គ្រប់ពេលវេលា។

