Sponsor
Pisey

មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​កែ​ឆ្នៃ​​​ក្នុង​រថយន្ត​ នៅ​ភាគ​ខាង​លិច​ទីក្រុង​កាប៊ុល​ (Kabul)​ ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Reuters​ បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​២៤ ខែ​កក្កដា​ ឆ្នាំ​២០១៧។

អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​អាហ្វហ្គានីស្ថាន​ លោក​ Najib Danish បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​សកម្មជន​ក្រុម​រដ្ឋ​ឥស្លាម (IS) ម្នាក់​ បាន​បំផ្ទុះ​គ្រាប់​បែកកែ​ឆ្នៃ​​​ក្នុង​រថយន្ត​ នៅ​ភាគ​ខាង​លិច​ទីក្រុង​កាប៊ុល​ (Kabul)​ ដោយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ២៤នាក់​ និង​៤០នាក់​ផ្សេង​ទៀត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ 

ក្រោយ​ពេល​កើត​ហេតុ​មន្ត្រី​ប៉ូលិស​ បាន​រុំ​ព័ទ្ធ​តំបន់​កើត​ហេតុ​ភ្លាម​ៗ​ ដែល​ស្ថិត​នៅ​ជិត​ផ្ទះ​របស់​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​រដ្ឋាភិបាល​លោក​ Mohammad Mohaqiq​ នៅ​ក្នុង​ទីក្រុង​នេះ​ ដែល​មាន​សហគមន៍​ស៊ីអីុត​សំខាន់​ៗ​រស់​នៅ​ ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ថា​ គោលដៅ​នៃ​ការ​វាយប្រហារ​នេះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​។

គួរ​រម្លឹក​ផង​ដែរ​ថា​ ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​អំពើ​ហិង្សា​កើត​ឡើង​ជាង​មុន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ខណៈ​ដែល​មាន​ជនស៊ីវិល​ស្លាប់​យ៉ាងហោចណាស់​ ១៦៦២នាក់​ នៅ​ក្នុង​ឆ្នាំ​នេះ​។ កាល​ ២សប្តាហ៍​បន្ទាប់​ពី​ក្រុម​រដ្ឋ​ឥស្លាម (IS)​​ បាន​ប្រកាស​ការវាយប្រហារ​ទៅ​លើ​វិហារ​អីុស្លាម​ នៅ​ក្នុង​រដ្ឋធានី​នេះ​ ដែល​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៤នាក់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor