
បរទេស៖ ដុំថ្មច្រើនជាង២០០ដុំត្រូវបានគ្រូពេទ្យវះកាត់យកចេញពីក្នុងពោះស្ត្រីជនជាតិចិនម្នាក់អាយុ៤៥ឆ្នាំដោយចំណាយពេលប្រាំមួយម៉ោងកន្លះ។ សាពត៌មាន Daily Mail បានអោយដឹងថា៖
" លោកស្រីChenត្រូវបានវះកាត់យកដុំថ្មចេញពីក្នុងពោះនៅមន្ទីរពេទ្យGuangji ខេត្ត Hezhou ប្រទេសចិន កាលពីថ្ងៃទី១៥ខែកក្កដានេះ។ ថ្មខ្លះនៅជាប់ថង់ប្រម៉ាត់និងថ្លើមដែលមានទំហំប៉ុនស៊ុតមាន់ដូចមានបង្ហាញក្នុងរូបភាពខាងក្រោម។ "
ជាទូទៅអ្នកដែលមានជម្ងឺធាត់ ឬជម្ងឺទឹកនោមផ្អែម ឬមានខ្លាញ់ក្នុងថង់ប្រម៉ាត់តែងប្រឈមមុខនិងការកើតមានដុំក្រួសក្នុងថង់ប្រម៉ាត់។ ហើយការទទួលទានអាហារដែលមានសារធាតុអ៊ីដ្រូសែនជារឿយៗអាចកាត់បន្ថយហានិភ័យនេះបានមួយចំនួន។ ប៉ុន្តែមិនមានការពន្យល់ណាមួយដែលអះអាងបញ្ជាក់ពីមូលហេតុដែលស្ត្រីម្នាក់នេះមានដុំក្រួសច្រើនដល់ម្លឹងនោះទេ។

លោវេជ្ជបណ្ឌិត Quan Xuweiនិយាយថា៖ " ដុំក្រួសជាច្រើននៅក្នុងខ្លួនលោកស្រីChenគឺជាផលដែលបណ្តាលមកពីគាត់មិនញ៉ាំអាហារពេលព្រឹក។ អ្នកជម្ងឺជាច្រើនដែលកើតមានអាការៈបែបនេះក៏ព្រោះតែពួកគេមិនដែលញ៉ាំអាហារពេលព្រឹក។ ចំណែកលោកស្រីChenមិនត្រឹមតែមិនញ៉ាំអាហារពេលព្រឹកទេ តែគាត់ថែមទាំងទទួលទានអាហារមិនទៀងទាត់ទៀតផង។ លោកស្រីChenឈឺពោះអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ទើបតែពេលនេះទេដែលគាត់ស្វែងរកការព្យាបាលព្រោះទ្រាំទៀតលែងបាន "។ គាត់បន្ថែមទៀតថា៖
" ពេលដែលមនុស្សមិនញ៉ាំអាហារពេលព្រឹកនោះថង់ប្រម៉ាត់របស់គេនិងរួញខ្លីហើយមិនបញ្ចេញទឹកប្រម៉ាត់។ វាជាមូលហេតុធ្វើអោយទឹកប្រម៉ាត់កកជាមួយសារធាតុកូឡេស្តូរ៉លនិងសារធាតុកាល់ស្យូម។ "

អ្នកជំនាញមកពីសហរដ្ឋអាមេរិកនិយាយថា៖
" របបអាហារប្រចាំថ្ងៃពាក់ព័ន្ធនិងការកើតមានក្រួសក្នុងថង់ប្រម៉ាត់ ហើយវាជាបញ្ហាទូទៅដែលប្រជាពលរដ្ឋទូទាំងពិភពលោកកំពុងប្រឈមមុខ។ ប៉ុន្តែមូលហេតុចំបងដែលនាំអោយកើតមានដុំថ្មដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងពោះលោកស្រីChenនេះនៅមិនទាន់ច្បាស់ការថាមកពីមូលហេតុណាខ្លាំងជាងគេនោះទេ។ " អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖