ភ្នំពេញ ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងខណៈក្រុមការងារអ្នកបច្ចេកទេសខាងក្រុមហ៊ុនទូរស័ព្ទចល័ត CamGSM Co., Ltd. របស់សែលកាត កំពុងធ្វើការជួសជុលនៅខាងលើអង់តែនទូរស័ព្ទចល័ត មិនដឹងយ៉ាងម៉េចធ្វើអោយធ្លាក់ម៉ៃក្រូវ៉េវមកក្រោម ត្រូវចំក្បាលបុរសវ័យចំណាស់ម្នាក់បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរអោយអណោចអាធ័ម ។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១និង៣៤នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយពីទទួលដំណឺងពីហេតុការណ៍នេះ មន្ត្រីជំនាញនៃនិយ័តករទូរគមនាគមន៍កម្ពុជា បានទៅដល់កន្លែងកើតហេតុ ដើម្បីជួបគ្រួសារសព អាជ្ញាធរមានសមត្ថកិច្ច និងតំណាងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ដើម្បីសម្របសម្រួល ដោះស្រាយរឿងនេះ ។
ប្រភពពីមន្ត្រីជំនាញនៃនិយ័តករទូរគមនាគមន៍កម្ពុជាបានអោយដឹងថា ក្រោយពីប្រជុំសម្របសម្រួលជាលទ្ធផល គឺខាងក្រុមហ៊ុន CamGSM Co., Ltd. (សែលកាត) បានចាត់បុគ្គលិករដ្ឋបាលរបស់ខ្លួន ជួបដោះស្រាយជូនជនរងគ្រោះ និងចូលរួមរៀបចំពិធីបុណ្យសពស្របតាមប្រពៃណី ព្រមទាំងធានាអះអាងទទួលខុសត្រូវទាំងស្រុងក្នុងរឿងនេះផងដែរ មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនោះទេ ៕

