Sponsor
Pisey

ភ្នំពេញ៖ បុរសម្នាក់ទៀតដែលបានបង្ហោះសារ គំរាមសម្លាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រុមគ្រួសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ក្រោយពេលបង្ហោះសារនេះ បានមួយថ្ងៃ។

បុរសដែលត្រូវបានចាប់ខ្លួន មានឈ្មោះ រ៉ុម ចំរើន ហៅបុត្រ វីរៈ អាយុ២៨ឆ្នាំ ស្រុកកំណើតនៅភូមិឃ្លាំង ឃុំតាអុក ស្រុកពញាឮ ខេត្តកណ្ដាលបច្ចុប្បន្នរស់នៅ ភូមិព្រែក ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ត្រូវបានតុលាការ​ឃុំខ្លួន ដាក់ពន្ធនាគារ​ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៧ ក្រោមការចោទប្រកាន់ពីបទគំរាមថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ មានគណនី Facebook មួយឈ្មោះថា «សឿន ខេត្តកណ្ដាល» បានបង្ហោះខ្លឹមសារគំរាមសម្លាប់ សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ដោយភ្ជាប់រូបកាំភ្លើងទៀតផង។

ក្រោយទទួលបានករណីនេះភ្លាម កម្លាំងនគរបាលជំនាញ និងមានការសម្របសម្រួលពី លោក លី សុផាណា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញនោះ បានបើកការស្រាវជ្រាវជាបន្ទាន់ ហើយឈានទៅដល់ការចាប់ខ្លួន ជនល្មើសបាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ បន្តទៀតថា ជនសង្ស័យ រ៉ុម ចំរើន ហៅបុត្រ វីរៈ ធ្លាប់ទៅធ្វើជាកម្មករនៅប្រទេសថៃ ហើយត្រឡប់មកស្រុកកំណើតវិញ បានប្រហែលជាង១ឆ្នាំមកហើយ។

ពាក់ព័ន្ធការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លូនជនសង្ស័យខាងលើ លោកឧត្តមសេនីយ៍ ជា ពៅ បានបញ្ជាក់ថា បន្ទាប់ពីស្រាវជ្រាវភ្លាមនោះ កម្លាំងនគរបាលរបស់លោក បានទៅឃាត់ខ្លួនម្ចាស់ Facebook ឈ្មោះ «ក្រូច សឿន» ដែលបច្ចុប្បន្នជា កម្មករចំការកៅស៊ូនៅខេត្តក្រចេះ ប៉ុន្ដែបុរសរូបនេះមិនចេះអក្សរនោះទេ។
លុះពេលសួរនាំគាត់បានប្រាប់សមត្ថកិច្ចថា Faceook របស់គាត់ត្រូវបានក្មួយឈ្មោះ រ៉ុម ចំរើន ជាអ្នកបង្កើតឲ្យទើបសមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួន ជនប្រព្រឹត្តតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor