
អតីតប្រធានការពារជាតិ និងប្រយុទ្ធប្រឆាំងនុយក្លេអ៊ែរលោក Joseph Cirincione បានប្រកាសអាសន្នពីអស្ថិរភាពនៅក្នុងប្រទេសតួកគី ទាក់ទងនឹងមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក Incirlik Air Base ដែលជាកន្លែងរក្សាទុកនៅគ្រាប់នុយក្លេអ៊ែរជាច្រើន។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន express បានចេញផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
លោក Joseph បានបន្តទៀតថា ប្រទេសតួកគី ក្លាយទៅជាប្រទេសដែលអស្ថិរភាព ពីព្រោះដោយសារតែមូលដ្ឋានទ័ពអាការអាមេរិកខាងលើ គឺជាកន្លែងដែលផ្ទុកនៅក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៥០គ្រាប់ ក្រោយពីមានសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងមហាអំណាចរុស្ស៊ី។ មន្ត្រីជាន់ខ្ពស់ណាតូមួយរូប បាននិយាយឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន គួរពិចារណាដកកងកម្លាំងយោធាចំនួន ២៥០០នាក់ ដែលកំពុងឈរជើងនៅក្នុងមូលដ្ឋាននេះ។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា ឆ្នាំមុននេះ មនុស្សប្រមាណ ៧ម៉ឺននាក់បានធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី Recep Tayyip Erdogan មិនបានសម្រេច និងត្រូវបានចាប់ឃុំភ្លាមៗ ក្រោយហេតុការណ៍នោះកើតឡើង។ អស្ថិរភាពខាងលើនេះស្រដៀងទៅនឹងប្រទេសអាល្លឺម៉ង់ ដែលដកកងកម្លាំងរបស់ខ្លួនចេញពីមូលដ្ឋានទ័ពអាកាស បន្ទាប់ពីមានភាពតានតឹងការទូតជាមួយប្រទេសជិតខាង៕

