
បរទេស៖ បុរសដំបូងគេនៅក្នុងប្រទេសហ្វីលីពីន ដែលប្រែខ្លួនពីស្តេចប្រដាល់ ក្រោយមកក្លាយជាសមាជិកព្រឹទ្ធសភា បានធ្វើអោយប្រជាជនហ្វីលីពីនស្រឡាញ់គាត់ជាខ្លាំង។ មនុស្សជាច្រើនជុំវិញពិភពលោកលែងសូវគាំទ្រគាត់ព្រោះMannyចាញ់ការប្រកួតធំៗមួយចំនួនក្នុងរយៈពេលថ្មីៗកន្លងមកនេះ ហើយអ្នកខ្លះមានបំណងចង់អោយគាត់ឈប់ពីការប្រកួតតទៅទៀត។ ប៉ុន្តែអ្វីដែលអ្នកទាំងនោះមិនបានដឹងពីMannyនោះគឺ គាត់ឡើងប្រកួតលើសៃវៀនដើម្បីភាពរុងរឿងរបស់ប្រជាជនគាត់។ មិនមែនត្រឹមតែលទ្ធផលឈ្នះដែលMannyចង់នាំមកអោយប្រជាជនហ្វីលីពីនរីករាយនិងមោទនភាពជាតិជាមួយខ្លួននោះទេ។ ប៉ុន្តែមានគតិបណ្ឌិតជាច្រើននៅក្នុងខួរក្បាលMannyដែលគាត់មិនដែលបំភ្លេចក្នុងមួយវិនាទីណាឡើយ។

Mannyធ្លាប់និយាយក្នុងបទសម្ភាសថា៖ " រាល់ចំណូលដែលខ្ញុំទទួលបានពីការប្រកួត ខ្ញុំបានបែងចែកពាក់កណ្តាលទៅជួយប្រជាជនក្រីក្រកំសត់ទុរគត កុមារកំព្រានិងកុមារអនាថា។ គ្រប់ចំណូលនៃការប្រកួតពាក់កណ្តាលខ្ញុំយកទៅជួយអ្នកក្រីក្រ ប៉ុន្តែខ្ញុំមិនចូលចិត្តប្រកាសអោយគេឯងបានដឹងនោះទេ។ "

តាមរបាយការណ៍បានអោយដឹងថា៖ " Mannyនិងសាងសង់មន្ទីរពេទ្យលំដាប់ថ្នាក់លេខមួយនៅស្រុកកំណើតរបស់ខ្លួនក្នុងក្រុងGeneral Santos ហើយវានិងបម្រើសេវាព្យាបាលក្នុងកម្រិតគុណភាពខ្ពស់ដល់ប្រជាជនហ្វីលីពីន។ ប៉ុន្តែគេមិនច្បាស់ថាគម្រោងនោះនិងចាប់ផ្តើមសាងសង់នៅពេលណានោះទេ ហើយមន្រ្តីពាក់ព័ន្ធក៏មិនបានបញ្ជាក់ពីគម្រោងនោះអោយបានច្បាស់លាស់នោះដែរ។ "
អត្ថបទ៖ Khmer5 News


