រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតមជ្ឈមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញ ដើម្បីឃ្លាំមើលរាល់បទល្មើសនានា និងបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍ តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមបង្គោលភ្លើងស្តុបនៅក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជាក់ថា "មជ្ឈមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញ" នឹងត្រូវស្ថិតនៅក្រោម ចុះរដ្ឋបាលរាជធានីភ្នំពេញ មានទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។
បន្ថែមពីនេះមជ្ឈមណ្ឌលប្រចាំបញ្ជា មានតួនាទីជាសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការផ្តល់ទិន្នន័យដែលបានដោយប្រព័ន្ធកាមេរ៉ា និងទទួលទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីបញ្ជាចាត់ចែងដោះស្រាយសភាពការណ៍ដែលកើតមានបន្ទាប់ទាក់ទងនឹងសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងរាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមសូមមើលសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃខាងក្រោម៖


