ភ្នំពេញ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើក្រញ៉ូងពេញ បិទបាំងក្រណាត់ យ៉ាងស្អាត បើកធ្លាក់ផ្លូវ បណ្តាលឲ្យជាប់ផុងទៅមុខលែងរួច ហើយពលរដ្ឋរអ៊ូរទាំងរឿងខូចផ្លូវ ដោយសារក្រុមរថយន្តដឹកធ្ងន់ធ្ងន់ចេះតែលួចបើកឆ្លងកាត់ផ្លូវក្នុងភូមិរបស់ពួកគាត់ រាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ចប្រាប់ថា អត់ហ៊ានទៅទេ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅជាប់របងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តដឹកឈើធ្លាក់ផ្លូវជាប់ផុង ម៉ាក សាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3425 ដឹកឈើក្រញ៉ូងពេញរថយន្ត អ្នកបើកបរមិនស្គាល់ឈ្មោះ រួមដំណើរជាមួយ បុរសម្នាក់ទៀត សរុបគ្នា២នាក់ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្លូវក្នុងភូមិខាងលើ ឃើញមានរថយន្តដឹកឈើប្រណិតបើកឆ្លងកាត់សឹងរាល់យប់ រាល់ថ្ងៃទៅហើយ ខណៈដែលផ្លូវក្នុងភូមិ កំពុងតែទទួលរងទ្រុឌទ្រោមផង ស្របពេលដែលរថយន្តដឹកធ្ងន់ៗបើកឆ្លងកាត់ ធ្វើឲ្យផ្លូវ កាន់តែសែនយ៉ាប់ មហាវេទនា ជាមួយភ្លៀងធាក់ផង ផ្លូវវល់ ដោយភក់រអិល សឹងតែដើរមិនរួច ។ ពលរដ្ឋបន្តទៀតថា ក្នុងស្ថានភាពផ្លូវកំពុងវល់ បែកខ្ទឹះ នៅព្រឹកថ្ងៃទី១១ ខែកក្កដា មានរថយន្តសាំយ៉ុង ដឹកឈើក្រញ៉ូង ពេញរថយន្ត បើកឆ្លងកាត់ ពីជើងមកត្បូង ជាប់របងវត្តតាភេម ធ្វើឲ្យរអិលធ្លាក់ផ្លូវជាប់ផុងទៅលែងរួច ។

តាមអ្នកបើកបររថយន្តដឹកឈើខាងលើ បានរារាំង មិនឲ្យ អ្នកសាពត៌មាន ឬអ្នកណាចូលជិត បើកមើលឈើឡើយ គ្រាន់តែប្រាប់ថា ជាឈើ របស់លោកឧកញ៉ា រែមិនប្រាប់ឈ្មោះថាលោកណាឡើយ ។
តាមពលរដ្ឋខ្លះលើកឡើងថា រថយន្តដឹកឈើក្រញ៉ូង បើករត់កាត់តាមផ្លូវក្នុងភូមិខាងលើ អ្នកខ្លះថា ជារថយន្តដឹកឈើរបស់ លោកឧញ៉ានេះ អ្នកខ្លះថាជារថយន្តរបស់លោកឧញ៉ានោះ ទោះជាផ្លូវខូចខ្ទេចក៏ទៅចុះ មិនហ៊ានបង្ក្រាប ឬទប់ស្កាត់ឡើយ ហ៊ានបង្ក្រាខ្លាចគេដកតំណែង ទើបទុកឲ្យឈ្មួញរកសុីឈើ ធ្វើព្យុះ ធ្វើភ្លៀងបានតាមចិត្ត ហើយកន្លងមកក៏ធ្លាប់រាយការណ៍ប្រាប់ទៅ ខាងរដ្ឋបាលព្រៃឈើដែរ តែនៅមិនហ៊ានមកអើតមើលឡើយ ។ ពលរដ្ឋរអ៊ូរទាំថា ឡានដឹកឈើគគ្រឹកគគ្រេងបើកឆ្លងកាត់ ធ្វើឲ្យខួចផ្លូវអស់ មកដល់ព្រឹកថ្ងៃទី១១នេះ ទោះជារាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ប្រាប់វិញថា មិនហ៊ានទៅអើតមើលទេ ។
រថយន្តសាំយ៉ុងក្រោយពីដឹកធ្ងន់ជាប់ផុង អស់រយៈពេលជាង១ម៉ោង ទើបខាងថៅកែឈើយកអាប៊ុលមកអូសយករថយន្តដឹកឈើចេញ បន្តដំណើរដោយរលូន គ្មានអ្នកណាហ៊ានរារាំងឡើយ ។
ក្រុមអ្នកសារព័ត៌មាន ដំណឹងយប់មិញ មិនអាចទំនាក់ទំនងសំុការបំភ្លឺពី អាជ្ញាធរមូលដ្ឋានបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃដដែរ ៕
