Sponsor
Pisey

តារា​ច្រើន​ណាស់​ដែល​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អ្នក​គាំទ្រ​ លើ​អត្តចរិត​មិន​គួរ​ឲ្យ​រាប់​រក​  ដោយ​សា​តែ​ពេល​ល្បី​ឈ្មោះ​ពួកគេ​តែង​កើត​ជំងឺ​បូស​ក្លៀក​  តួឯក​និយម​ និង​ជំងឺ​លួត​កម្ពស់​គ្មាន​អ្នក​ស្មើ។​ តែ​ក្នុង​ចំណោម​តារា​ទាំង​នោះ​ក៏​មាន​អ្នក​ខ្លះ​មាន​មារយាទ​ល្អ​ គួរ​ឲ្យ​គាំទ្រ​ផង​ដែរ​។ ជាក់ស្ដែង​នាយ​ គ្រឿន ​ដែល​ជា​តារា​កំប្លែង ​ពិធី​ករ​ និង​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប​ លោក​មិន​ត្រឹមតែ​ទៅ​ណា​មក​ណា​មាន​ទស្សនិកជន​ មិត្តភ័ក្ដិ​រាប់​រក​ច្រើន​ទេ​ សូម្បី​តែ​អ្នក​ដឹកនាំ​កុន​ ស្ពត​ពាណិជ្ជកម្ម​ ក៏​បាន​កោតសរសើរ​លោក​ថា​ ជា​តារា​មាន​ចរិត​ និង​ទម្លាប់​ល្អ​ផង​ដែរ​។

លោក​ អ៊ុច ​រ៉ាវុឌ្ឍ ​អ្នក​ផលិត​ស្ពត​ពាណិជ្ជកម្ម​បាន​និយាយ​ថា ​ក្នុង​ជីវិត​ជា​អ្នក​ដឹកនាំ​ការងារ​សម្ដែង​ និង​ស្ពត​ពាណិជ្ជកម្ម​ លោក​ធ្លាប់​ជួប​រឿង​​លំបាក​ច្រើន​ ពាក់ព័ន្ធ​តារា​សម្ដែង​​ ដោយ​សារ​ពួកគេ​មិន​គោរព​ពេល​វេលា។​ បើ​ទោះ​ជា​កន្លង​មក​ ការងារ​របស់​លោក​បាន​ទទួល​ជោគជ័យ​ជា​ច្រើន​ តែ​ក្នុង​ចំណោម​នោះ​លោក​ធ្លាប់​ជួប​បញ្ហា​ និង​ឈឺ​ក្បាល​ជា​មួយ​តារា​សម្ដែង​មិន​តិច​ទេ​។

លោក​បញ្ជាក់​ថា ​តារា​ភាគ​ច្រើន​តែង​មាន​អត្តចរិត​ឆ្មើងឆ្មៃ​ និង​មិន​គោរព​ពេល​វេលា​ឡើយ​ ពោល​គឺ​ឲ្យ​តែ​ល្បី​បន្តិច​តែង​ធ្វើ​ចរិត​គ្មាន​អ្នក​​ខ្ពស់​ស្មើ។​ តែ​លោក​ទើប​តែ​ឃើញ​នាយ គ្រឿន ម្នាក់​ទេ មាន​ចំណុច​ល្អ​ខុស​ប្លែក​ពី​គេ ​ពោលគឺ​គាត់​គោរព​ពេល​វេលា និង​មាន​អត្តចរិត​ល្អ​ណាស់ ​មិន​ចេះ​ប្រកាន់​ខ្លួន​ជា​តារា​ល្បី​ទេ។​ 

អ្នក​ផលិត​ស្ពត​រូប​នេះ​បន្ត​ថា​ "សម្រាប់​នាយ​ គ្រឿន ​ខ្ញុំ​ធ្វើ​ការងារ​ជា​មួយ​គាត់​តាំង​ពី​មិនទាន់​ល្បី​ខ្លាំង​ រហូត​ដល់​គាត់​ល្បី​ខ្លាំង​ តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​ បច្ចុប្បន្ន​គាត់​កាន់​តែ​ដាក់​ខ្លួន​ខ្លាំង​ រួសរាយ​រាក់ទាក់​ជា​មួយ​ក្រុម​ការងារ​ ជា​ពិសេស​រឿង​ពេល​វេលា​វិញ​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺក្បាល​ទេ​។ ខ្ញុំ​ណាត់​ម៉ោង​6 ​គាត់​មក​រង់ចាំ​ដល់​កន្លែង​តាំង​ពី​ម៉ោង​ជាង​ 5​ម្ល៉េះ"​។

នាយ​ គ្រឿន ​បញ្ជាក់​ដែរ​ថា​ សម្រាប់​រូប​លោក​ពិត​ជា​សប្បាយចិត្ត​ណាស់​នៅ​ពេល​បាន​ឃើញ​គេ​សរសើរ​នូវ​ចំណុច​ល្អ​របស់​ខ្ញុំ​ តែ​នេះ​ជា​ទម្លាប់​ខ្ញុំ​ទៅ​ហើយ​ ព្រោះ​ការងារ​មិនមែន​ធ្វើ​តែ​មួយ​ថ្ងៃ​ ឬ​មួយ​ដង​ចប់​ទេ​ អ្នក​សិល្បៈ​គឺ​ត្រូវ​រង់​ចាំ​ការងារ​រហូត​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​គ្រប់​យ៉ាង​ឲ្យ​បាន​ល្អ​ ដើម្បី​ខ្លួន​ខ្ញុំ​ កូន​ខ្ញុំ​ ប្រពន្ធ​ខ្ញុំ​ និង​ហោប៉ៅ​ខ្ញុំ​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor