រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ឲ្យសិស្សានុសិស្ស ដែលនឹងប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ សិក្សាលំអិត អំពីប្រាសាទសំបូរព្រៃគុក ដែលកម្ពុជាទើបទទួលបានភាពជោគជ័យនៃការដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដាថ្មីៗនេះ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
ការថ្លែងបែបនេះរបស់ឯកឧត្ដម ហង់ ជួនណារ៉ុន បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងអប់រំនៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧នេះ។
ឯកឧត្ដមបញ្ជាក់ថា សិស្សានុសិស្សគួរតែសិក្សាឲ្យបានលម្អិតពីប្រវត្តិអំពីប្រាសាទសំបូរគុកនេះព្រោះថា វាជាផ្នែកប្រវត្តិសាស្ត្រ ដែលក្រសួងបានសម្រេចនឹងចេញពីដើមសម័យនគរភ្នំមកទល់បច្ចុប្បន្ន ប៉ុន្តែលោកមិនហ៊ានធានថា នឹងមានចេញនោះទេ គឺការចេញវិញ្ញាសាប្រឡងនោះ អាស្រ័យលើគណៈកម្មការចេញវិញ្ញាសារបស់ក្រសួង។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ មានបេក្ខជន ១០៣ ១១២ (ជាង១០ម៉ឺន)នាក់ ចូលរួមនិងមានមណ្ឌលប្រឡងនៅទូទាំងប្រទេសចំនួន១៧៨ មណ្ឌលចែកចេញជា ៤១៥៥ បន្ទប់ ហើយលទ្ធផលប្រឡងនឹងចេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧៕
