ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅមុននេះថា មានហេតុការណ៍ផ្ទុះធុងកម្ដៅក្នុងរោងចក្រកាត់ដេរដ៏ធំមួយ នៅក្នុងប្រទេសបង់ក្លាដេស បណ្ដាលឲ្យប៉ះពាល់ដល់ជីវិតមនុស្សចំនួន ១០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
អាជ្ញាធរបានបញ្ជាក់ថា ឧបទ្ទវហេតុដ៏គ្រោះថ្នាក់ខាងលើ បានកើតឡើង កាលពីថ្ងៃចន្ទ ទី០៣ ម្សិលមិញ ខណៈដែលធុងកម្ដៅដ៏ធំមួយបានផ្ទុះលាន់ឮកងរំពង ផ្អើលពេញរោងចក្រ និងបានធ្វើឲ្យរលាកកម្មករស្លាប់ចំនួន ១០នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសស្រាលធ្ងន់។
គួរបញ្ជាក់ផងដែរថា រោងចក្រខាងលើមានឈ្មោះថា Multifabs Limited ស្ថិតនៅជាយទីក្រុងដាកា ដែលជាឧស្សាហកម្មកាត់ដេរដ៏ធំមួយនៅក្នុងពិភពលោក ដោយមានកម្មករប្រមាណជា ៤លាននាក់ និងទទួលបានប្រាក់ចំណូល ៨០ភាគរយនៃប្រាក់ចំណូល ពីការនាំចេញទូទាំងប្រទេស ជារៀងរាល់ឆ្នាំ៕


