
ពេលតារាចម្រៀងលោក មាស សាលី ចាប់ផ្ដើមសម្រុកធ្វើបទចម្រៀងជាថ្មី លោកបានខិតខំខ្លាំង ទាំងការផលិត Audio និង MV រហូតហ៊ានចំណាយលុយក្នុងហោប៉ៅខ្លួនមួយចំនួនជួយ សាន់ដេ ដើម្បីផលិតយកគុណភាពថែមទៀត។ ការលះបង់នេះសូម្បីតែរឿងស្នេហាពិតរបស់ខ្លួនពីអតីតកាលក៏លោកលើកយកមកនិពន្ធជាបទចម្រៀងបទ "ឥទ្ធិពលស្រីស្អាត" ដែល សាន់ដេ ទើបចេញ ប្រម៉ូដប៉ុន្មានម៉ោងមុន។
លោក មាស សាលី បញ្ជាក់ថា រឿងស្នេហាពិតរបស់លោក គឺពេលលោកចូលសិល្បៈដំបូងមិនទាន់ល្បីឈ្មោះលោកបានស្រឡាញ់គ្នាជាមួយនារីរូបស្អាតម្នាក់ ហើយនារីម្នាក់នេះលោកស្រឡាញ់ស្មោះរហូតមកដល់ពេលនេះនៅមិនទាន់បំភ្លេចបាននៅឡើយ ប៉ុន្តែស្នេហានេះប្រែជាបរាជ័យ ព្រោះតែមានបុរសអ្នកមានទ្រព្យម្នាក់គេបានចូលខ្លួនមកប្រជែង រហូតធ្វើឲ្យនារីរូបនោះជ្រើសយកអ្នកមានទ្រព្យចោលលោក។

តារារូបនេះបន្តថា រឿងដូចលោក រហូតមកដល់ពេលបច្ចុប្បន្ន ក៏នៅតែមានកើតឡើងជារឿយៗ ពោលមានមិត្តភ័ក្ដិលោកម្នាក់ ក៏ទើបតែរងគ្រោះដោយសារគូស្នេហ៍របស់គេ ងាកទៅជ្រើសអ្នកថ្មី ជាអ្នកមានលុយផងដែរ ដូច្នេះហើយលោកក៏លើកយករឿងនេះ ទម្លាក់ឲ្យអ្នកនិពន្ធសរសេរជាបទចម្រៀង ដែលមានចំណងជើងថា "ឥទ្ធិពលស្រីស្អាត" តែម្ដងទៅ។

បទ "ឥទ្ធិពលស្រីស្អាត” និពន្ធទំនុកច្រៀង សយ សិរីវុឌ្ឍ សម្រួលតន្ត្រី កូនមាន់ ច្រៀងដោយ មាស សាលី ៕