ខេត្តព្រះសីហនុ៖ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ឆ្នាំ ២០១៧និងលើកទិសដៅការងារបន្ត នៅព្រឹកថ្ងៃទី៥ ខែកក្កដានេះ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសឲ្យសមត្ថកិច្ចក្រោមឱវាទរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹងបំផុត ទោះយានយន្ត ពាក់ស្លាកលេខ នគរបាល ឬ ខេមរភូមិន្ទ ក៏ដោយ។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានជំរុញឲ្យ ជំរុញឲ្យនគរបាលចរាចរណ៍ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹងបំផុត ហើយបើមានយានយន្តពាក់ស្លាកលេខខេមរភូមិន្ទ មិនស្របច្បាប់ ត្រូវចាប់បញ្ជូនទៅកងរាជអាវុធហត្ថខេត្ត រីឯស្លាកលេខនគរបាលមិនស្របច្បាប់ ត្រូវចាប់យកមកស្នងការដ្ឋានខេត្ត ចំពោះអ្នកបើកម៉ូតូលឿនៗ ទាំងខ្មែរនិងបរទេស ត្រូវស្ទាក់ចាប់ឲ្យអស់។
យោងតាមលោក វរៈសេនីយ៍ទោ អំ ចន្ថា ឯកឧត្ដមបញ្ជាក់ទៀតថា បើមានអ្នកខុសច្បាប់ចរាចរណ៍ ដែលអួតអាងស្គាល់អ្នកធំ ត្រូវតែចាប់ផាកទាំងអស់ រួមទាំងអ្នកដែលអួតថា ស្គាល់លោក(ជួន ណារិន្ទ) ផងដែរ ហើយរាល់ការបំពេញការងារទាំងអស់ ត្រូវគោរពច្បាប់ យកច្បាប់ជាគោល។
