លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងគ្រោងបើកកិច្ចប្រជុំទ្វេភាគីជាផ្លូវការ(ខាងក្រៅកិច្ចប្រជុំ G20) ក្នុងទីក្រុង Hamburg ប្រទេសអាមេរិក នៅថ្ងៃសុក្រ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចុះផ្សាយនាយប់ថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
អស់រយៈពេលជិតពីរឆ្នាំទៅហើយដែលមេដឹកនាំទាំងពីរ មិនដែលមានការជួបពិភាក្សាផ្លូវការណាមួយនោះទេ។ កាលពីថ្ងៃអង្គារនេះ សេតវិមាន និងវិមានក្រឹមឡាំង បានបញ្ជាក់លើកិច្ចប្រជុំទ្វេភាគីផ្លូវការលើកដំបូងមួយ រវាងមេដឹកនាំលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀរ ពូទីន ។
កិច្ចប្រជុំនេះ បានរៀបចំឡើងចំពេលមានភាពតានតឹងកំពុងកើនឡើងរវាងប្រទេសទាំងពីរ បណ្ដាលមកពីកិច្ចប្រឹងប្រែងរបស់រុស្ស៊ី ដែលជះឥទ្ធិពលដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦ និងការឈ្លានពានទឹកដីប្រទេស អ៊ុយក្រែន និងការគាំទ្ររបស់រុស្ស៊ីចំពោះរបបនៅប្រទេសស៊ីរី។
គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៦ ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា បានផ្ញើសញ្ញាទៅឲ្យលោក ពូទីន ថា ត្រូវតែធ្វើការផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្លួន ដើម្បីបន្តពង្រឹងទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងក្នុងអាណត្តរបស់លោក៕

