ទីភ្នាក់ងារការពារជាតិអាមេរិក បានប្រាប់ឲ្យដឹងថា ប្រព័ន្ធការពារមីស៊ីល (THAAD) បានទទួលជោគជ័យ នៅពេលធ្វើការសាកល្បង ដើម្បីប្រឆាំងនឹងមីស៊ីលអន្តរទ្វីបកូរ៉េខាងជើង (ICBM) កាលពីថ្ងៃអង្គារម្សិលមិញនេះ។ បើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចេញផ្សាយនាព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧
មេបញ្ជាការអវកាស និងមីស៊ីលអាមេរិក លោក Lt. Gen. Sam Greaves បានអះអាងថា "ការធ្វើតេស្តនេះ បានបង្ហាញបន្ថែមទៀតនូវសមត្ថភាពខ្ពស់ជាងមុននៃប្រព័ន្ធការពារ THAAD ក្នុងការស្ទាក់ចាប់ និងបំផ្លាញមុខសញ្ញាថែមទៀតផង"។ ក្រុមហ៊ុនសន្តិសុខ និងអាកាសចរណ៍ Lockheed Martin បានប្រកាសឲ្យដឹងថា ប្រព័ន្ធ THAAD នីមួយៗមានសមាសភាពសំខាន់ៗចំនួន៥: ស្ទាក់ចាប់ រ៉ាដា រ៉ុកកែត គ្រប់គ្រងអគ្គិភ័យ និងឧបករណ៍ជំនួយ។
គួររម្លឹកផងដែរថា ការបាញ់សាកល្បងនេះទៀតសោត គឺជាសារដើម្បីប្រាប់ទៅឲ្យកូរ៉េខាងជើង ថា សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេច ក្នុងការពារទឹកដីរបស់ខ្លួន និងសម្ព័ន្ធមិត្តផងដែរ៕


