ដោយសារប្រធានក្រុមបិសាចក្រហម Manchester United កីឡាករ Wayne Rooney បានយល់ព្រមចូលរួមជាមួយ Everton ក្នុងកុងត្រា២ឆ្នាំ លោក Jose Mourinho បានដកឈ្មោះខ្សែប្រយុទ្ធរូបនេះ ចេញពីបញ្ជីកីឡាករត្រូវឡើងទៅប្រកួត Pre-Season Tour នៅអាមេរិក។
កីឡាករវ័យ៣១ឆ្នាំគឺជាកីឡាករលើសកៅអីនៅ Old Trafford ហើយរូបគេបានប្រាប់លោក Jose Mourinho ថាចង់ចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។ Rooney ចាកចេញពី Everton កាលពីឆ្នាំ២០០៤ ប៉ុន្តែក្ដីស្រឡាញ់ជាមួយក្លឹបដំបូងមួយនេះនៅតែមាននៅឡើយ ហើយលោក Ronald Koeman បានដាក់សំណើឲ្យគាត់លេងជាខ្សែប្រយុទ្ធជម្រើស១១នាក់នៅ Googison Park។
ប្រភព The Sun និយាយថា Rooney បានយល់ព្រមតម្លៃខ្លួន២៥ម៉ឺនក្នុងមួយអាទិត្យរយៈពេល២ឆ្នាំខណៈភាគីទាំងពីរត្រូវបានគេរំពឹងថានឹងសម្រេចរួចរាល់នៅក្នុងសប្ដាហ៍នេះ។ អញ្ចឹងហើយបានជាលោក Jose បានដកឈ្មោះអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ពីបញ្ជីឈ្មោះប្រកួតមិត្តភាពនៅអាមេរិកហើយ Jose Mourinho ត្រូវការតែងតាំងប្រធានក្រុមថ្មីនៅ Old Trafford។
Ander Herrera គឺជាកីឡាករម្នាក់ដែលអ្នកគាំទ្រចង់ឲ្យក្លាយជាប្រធានក្រុមជាងគេប៉ុន្តែ Mourinho អាចនឹងសម្លឹងមើលខ្សែលេងជាមួយក្លឹបរយៈយូរ Antonio Valencia ឬក៏ Michael Carrick ។ចំណែក Everton វិញបានស៊ីញេកុងត្រា Michael Keane និង Jordan Pickford រួចរាល់ហើយប៉ុន្តែ Rooney នឹងសម្រេចក្នុងសប្ដាហ៍នេះ៕

