រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជាបានឲ្យដឹងថា ក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាពនិងសណ្ដាប់ធ្នាប់របស់ថៃ បានសម្រេចប្រើប្រាស់អំណាចនៅក្នុងមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញបណ្ដោះ អាសន្នរបស់ខ្លួនព្យួរក្រឹត្យស្តីពីការគ្រប់គ្រងពលករទេសន្តរប្រវេសក៍រយៈពេល ៤ខែ ហើយអំឡុងពេលនេះពលករខ្មែរមិនទាន់មានឯកសារគ្រប់គ្រាន់នឹងមិនប្រឈមការដាក់ទោសពិន័យនោះទេ។
ឯកឧត្ដម ហេង សួរ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកក្កដានេះថា ការសម្រេចរបស់ក្រុមប្រឹក្សាជាតិថៃនេះ គឺ ដើម្បីឱ្យក្រសួងការងារថៃកែសម្រួលក្រឹត្យនេះឡើងវិញ រួចដាក់ជូនគណៈរដ្ឋមន្ត្រីថៃពិនិត្យសារជាថ្មីម្តងទៀតនៅក្នុងខែវិច្ឆិកា ព្រមទាំងទុកពេល២ខែដើម្បីឱ្យក្រសួង និងភាគីពាក់ព័ន្ធពិនិត្យលើសេចក្តីព្រាងក្រឹត្យថ្មីនេះ។
ក្រឹត្យថ្មីនេះនឹងអនុម័តឱ្យចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ ក្នុងរយៈពេលនេះនិយោជកថៃ និងពលករបរទេសដែលមិនទាន់មានឯកសារគ្រប់គ្រាន់នឹងមិនប្រឈមនឹងការដាក់ទោសពិន័យនោះឡើយ។
ឯកឧត្ដមបន្ថែមថា ក្រសួងការងារ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកកកំពុងតែចរចាជាមួយភាគីថៃដើម្បីឲ្យភាគីថៃកាន់តែបង្កលក្ខណងាយស្រួលដល់ភាគីកម្ពុជាបានចុះទៅសហការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរដែលមានប័ណ្ណពណ៌ស៊ីជម្ពូរួចហើយ។
ហើយនៅរសៀលថ្ងៃទី៦ ខែកក្កដាស្អែកនេះ ឯកឧត្ដមរដ្ឋមន្ត្រី អ៊ិត សំហេង នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃពាក់ព័ន្ធនឹងប្រធានបទនេះផងដែរ។ ដូច្នេះសូមបងប្អូនកំពុងធ្វើការនៅប្រទេសថៃជ្រាបជាព័ត៌មាន និងមានអារម្មណ៍ហ្នឹងហ្នរក្នុងចិត្ត។ ក្រសួង នឹងធ្វើការគ្រប់យន្តការទាំងផ្លូវការ និងក្រៅផ្លូវកាជាមួយភាគីថៃក្នុងការរកដំណោះស្រាយដ៏អនុគ្រោះបំផុតជូនដល់បងប្អូន។
ចំពោះមុខ ប្រសិនជាបងប្អូនកំពុងធ្វើការនៅថៃមានចម្ងល់ ឬបញ្ហាអ្វីមួយសូមមេត្តាទំនាក់ទំនងទៅកាន់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក តាមបណ្ដាញទូរស័ព្ទចំនួន៥ខ្សែគឺ៖
ខ្សែទី១៖ ០២ ៩៥៧ ៥៨៥១
ខ្សែទី២៖ ០៩៤ ០៩២ ៥៩០៥
ខ្សែរទី៣៖ ០៦៤ ៧៥៤ ៧៤០១
ខ្សែទី៤៖ ០៨៦ ៧៩៩ ៩៩៥៧
ខ្សែទី៥៖ ០៩២ ៨០៥ ០៥៦១

