Sponsor
Amapapa News

បន្ទាប់​ពី ​Arsenal បាន​ប្រកួត​ចាញ់​ Liverpool ​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល​៤​ទល់​០​មក​ អនាគត​របស់​ Alexis Sanchez កំពុង​ស្ថិត​ក្នុង​មន្ទិល​ដ៏​ធំ​មួយ​។ ក្រោយ​ពេល​កាំភ្លើង​ធំ​បដិសេធ​លក់​កីឡាករ​ឈីលី​រូប​នេះ​ឲ្យ​ Man City ក្លឹប​បិសាច​ក្រហម​ក៏​មាន​ព័ត៌មាន​រអេចរអូច​ថា ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ ​ពី​ព្រោះ​ពួក​គេ​ត្រូវ​ការ​កីឡាករ​លេង​ក្នុង​ដំណែង​ប្រយុទ្ធ​ស្លាប។

បែប​ណា​ក្ដី​! អតីត​កីឡាករ​ ​Barcelona ​គួរ​តែ​ពិចារណា​មក​លេង​នៅ ​Old Trafford ហើយ​ក្លឹប​ទាំង​គ្រូ​បង្វឹក​របស់ ​Man Utd ក៏​ពិចារណា​ទិញ​យក ​ដោយ​សារ​ចំណុច​ខ្លាំង​របស់​គេ ​សាក​សម​ជាមួយ​បិសាច​ក្រហម​។​តើ​ចំណុច​ណា​ខ្លះ​ទៅ​ដែល ​Man Utd គួរ​តែ​ទិញ ​Alexis Sanchez?

Alexis Sanchez សាក​សម​ជាមួយ ​ Premier League 

Manchester United ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ស្លាប ​ហើយ​ក្នុង​អំឡុង​រដូវ​កាល​នេះ​ ពួក​គេ​ជាប់​ទាក់ទង​ជាមួយ​នឹង ​Ivan Perisic ពី​ក្លឹប ​Inter Milan ដែល​កីឡាករ​រូប​នេះ​ ទាត់​បញ្ចូល​ទី​១១​គ្រាប់​ក្នុង​៣៦​ប្រកួត​នៃ​លីក។ ម្យ៉ាង​វិញ​ទៀត​ Sanchez ទាត់​បញ្ចូល​ទី​២៤​គ្រាប់​ក្នុង​លីក​៣៨​ប្រកួត​ និង​មាន​ការ​បញ្ជូន​បាល់​ជា​ច្រើន​ដង​ទៀត​។ នេះ​ភាព​ខុស​គ្នា​រវាង​កីឡាករ​ទាំង​ពីរ។ Perisic លេង​នៅ​ Serie A ដែល​ជា​លីក​ងាយ​ស្រួល​ជាង​Premier League ហើយ​រូប​គេ​ប្រហែល​ជា​មិន​អាច​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ដូច​នៅ​ Serie Aទេ ​​ចុះ ​Alexis Sanchez ដែល​ល្អ​ស្រាប់​នៅ ​Premier League?

Alexis Sanchez ជា​កីឡាករ​អាច​ប្រើប្រាស់​ជើង​ទាំង​ពីរ

កីឡាករ​ឈីលី​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កីឡាករ​ខ្លាំង​ក្នុង​ការ​ប្រើ​ជើង​ស្ដាំ ​តែ​ពិនិត្យ​ឲ្យ​មែន​ទែន​ទៅ​ ជើង​ខាង​ណា​ក៏​ប្រើ​បាន​ហើយ​ខ្លាំង​ទៀត។ Sanchez អាច​លេង​ក្នុង​ចំណែង​មួយ​ចំនួន​យ៉ាង​ល្អ​ឥត​ខ្ចោះ​។ ប្រយុទ្ធ​ស្លាប​ស្ដាំ​ក៏​បាន ឆ្វេង​ក៏​បាន​ ប្រយុទ្ធ​ចំ​តួ​ក៏​បាន។​ ចុះ​បើ​បាន​ហើយ ​ Man Utd ម៉េច​ក៏​មិន​យក​មក? ជើង​ឆ្វេង​របស់​​Sanchez ​ពេល​ខ្លះ​ល្អ​ជាង​ជើង​ស្ដាំ​ពី​កំណើត​របស់​គាត់​ផង។

Manchester United ត្រូវ​កីឡាករ​លំដាប់​​ World Class 

បើ​បិសាច​ក្រហម​ចង់​ឈ្នះ ​Premier League, ពួក​គេ​ត្រូវ​បាន​កីឡាករ​បម្រុង​ដ៏​ខ្លាំង​មួយ។ Lingard គឺ​ជា​កីឡាករ​ល្អ​មួយ ​​ប៉ុន្តែ​កម្រិត​របស់ ​Sanchez ​មិន​ថា​បម្រុង​ ឬ​ជម្រើស​ដំបូង​ទេ​ គាត់​តែង​តែ​ផ្លាស់ប្ដូរ​ស្ថានភាព​ប្រកួត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ Man Utd មាន​ Martial,Lingard និង Rashford  លេង​ក្នុង​ដំណែង​ប្រយុទ្ធ​ស្លាប​ឆ្វេង​។​ ប៉ុន្តែ​ពួក​គេ​មិន​អាច​កែ​ប្រែ​ការ​ប្រកួត​ធំ​ៗ​មួយ​ចំនួន​ដូច​ជា ​Champions League បាន​ឡើយ។

Manchester City មាន​កីឡាករ​ច្រើន​នាក់​លេង​ក្នុង​ដំណែង​របស់​ Sanchez

Manchester City មាន​កីឡាករ​ច្រើន​នាក់​លេង​ក្នុង​ដំណែង​ដែល ​Sanchez អាច​លេង​បាន​ដូច​ជា៖ Kevin De Bruyne,David Silva,Bernardo Silva,Gabriel Jesus,Sergio Aguero,Raheem Sterling, និង Leroy Sane។ បើ ​Sanchez ល្អ​ដែរ ​ហេតុ​អ្វី​ចាំ​បាច់​ទៅ​អង្គុយ​បម្រុង​នៅ ​Man City​ ហើយ​ហេតុផល​មួយ​ទៀត​តើ​គាត់​ពិត​ជា​សាក​សម​លេង​នៅ ​Man City មែន​អត់?

Manchester United ត្រូវ​ការ​កីឡាករ​មាន​គោល​គំនិត​ចង់​ឈ្នះ

ដូច​ដែល​អ្នក​គាំទ្រ​បាល់ទាត់​ទាំង​អស់​បាន​ដឹង! Alexis Sanchez គឺ​ជា​កីឡាករ​ដែល​ចង់​ឈ្នះ​អ្វី​ៗ​ទាំង​អស់​លើ​ពិភពលោក​​ ជាមួយ​នឹង​បុគ្គលិកលក្ខណៈ​ចង់​ឈ្នះ ​(Winning Mentality) ដែល​គាត់​នឹង​លេង​លើស​ពី​១០០%​គ្រប់​ពេល​វេលា​ក្នុង​ទីលាន​។ Manchester United ខ្វះ​កីឡាករ​បែប​នេះ​ បន្ទាប់​ពី​ កីឡាករ​យុគ​មាស​របស់ ​Man Utd បាន​ចាក​ចេញ​ឬ​ចូល​និវត្តន៍​ទៅ។

Zlatan ប្រហែល​ជា​កីឡាករ​តែ​ម្នាក់​គត់ ​ដែល​មាន​គោល​គំនិត ​និង​បុគ្គលិកលក្ខណៈ​ មហិច្ឆតា​ដូច​Sanchez ប៉ុន្តែ​បើ​មាន ​Zlatan ហើយ​ Sanchez លេង​ក្នុង​ក្រុម​ជាមួយ​គ្នា​​ សាក​ស្រមៃ​ទៅ​មើល​ នឹង​មាន​រឿង​អ្វី​កើត​ឡើង?

ចុះ​ប្រិយមិត្ត​វិញ​គិត​យ៉ាង​ណា​ដែរ?​តើ​គាត់​ពិត​ជា​សាកសម​សម្រាប់ ​Man Utd ដែរ​អត់?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor