
ភ្នំពេញៈ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹក ដោយមានស្លាកស្នាមឈាមនៅលើផ្ទៃមុខ សង្ស័យជាករណីឃាតកម្ម។ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ច និងអ្នកសារព័ត៌មាន ទៅចោមរោមមើលថតផ្ដិតយករូបភាព នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចមាត់ច្រាំងទន្លេសាប ខាងជើងប៉ុស្ដិ៍នគរបាលទួលសង្កែទី១ ចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានបញ្ជាក់ថា សាកសពជនរងគ្រោះ នូវពុំទាន់ស្គាល់ពីអត្តសញ្ញាណឡើយទេ ប៉ុន្តែក្រោមការសហការត្រួតពិនិត្យភ្លាមៗ នូវជុំហ៊ានដំបូង ទៅលើភិនភាគសព គឺជាបុរស និងមានសភាពហើម ស្លៀកខោរពណ៌ខ្មៅ មានវ័យប្រហែលជាង៣០ឆ្នាំ ពិសេសនៅលើផ្ទៃមុខមានឈាមប្រឡាក់ឈាម ដោយមិនអាចសន្និដ្ឋានបានថា ជាករណីឃាតកម្ម ឬជាករណីអ្វីឲ្យប្រាកដនោះទេ។
សូមបញ្ជាក់ថា កម្លាំងនគរបាលមូលដ្ឋាន បាននិងកំពុងសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមានវិធានការស្រង់សាកសព ពីក្នុងទឹក។ ក្នុងការត្រួតពិនិត្យជុំវិញករណីនេះផងដែរ ទើបមិនអាចសន្និដ្ឋានបានថា ជាករណីអ្វីឲ្យប្រាកដ៕




