រាជធានីភ្នំពេញ៖ នៅដើមសប្ដាហ៍ក្រោយនេះប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ទៅបំពេញទស្សនៈកិច្ចផ្លូវនៅ ប្រទេសជប៉ុនរយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី០៦- ០៩ ខែសីហា ឆ្នាំ ២០១៧ខាងមុខនេះ តបតាមអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។
ក្នុងដំណើរទស្សនៈកិច្ចផ្លូវការនេះគឺ សម្តេចតេជោនឹងអញ្ជើញចូលគាល់ព្រះអង្គម្ចាស់រជ្ជទាយាទ ណារ៉ូហ៊ីតូ បន្ទាប់មកនឹងជួបប្រជុំជាមួយ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាមេ និងធ្វើជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់ទទួលជំនួយជប៉ុន ស្តីពី ហិរញ្ញប្បទានឥតសំណងលើគម្រោង ការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤ ដែលមានទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារ និងឥណទានសម្បទាន លើគម្រោងអភិវឌ្ឍកំពង់ផែថ្មីនៅក្រុងព្រះសីហនុដែលមានទឹកប្រាក់ប្រមាណ ២០៩ លានដុល្លារ។

