
ភ្នំពេញៈ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំង ម៉ាស្សាបង្កប់សេវាផ្លូវភេទ១កន្លែង នឹងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងនារីម៉ាស្សា៦នាក់ កាលពីវេលាម៉ោង៨៖៤០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ូលិសបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ម៉េ ស៊ីថា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ និងរំដោះនារីម៉ាស្សាបានចំនួន៦នាក់។
តាមប្រភពព័ត៌មានពីប៉ូលិស បានឲ្យដឹងទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាប់នៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកហាងម៉ាស្សា កោសជប់ មានបង្កប់បម្រើសេវាផ្លូវភេទ ឃាត់ខ្លួននារីរងគ្រោះចំនួន៦នាក់ និងស្រ្តីមេការម្នាក់ ជាជនជាតិខ្មែរ មានបង្កប់បម្រើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យមិនទាន់ប្រើចំនួន៣ប្រអប់តូច សំបកស្រោមប្រើរួចចំនួន៣និង ប្រអប់ចំនួន១ ។
បច្ចុប្បន្នស្រ្តីដែលជាមេការ(ម្ចាស់ទីតាំង) ព្រមទាំងវត្ថុតាង ត្រូវបានប៉ូលិសនាំទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ចាត់ការទៅតាមផ្លូវច្បាប់ ។ ចំណែកនារីរងគ្រោះទាំង៦នាក់ ត្រូវបានប៉ូលិសប្រគល់ជូនខាងសង្គមកិច្ច ដើម្បីមកទទួលធ្វើការអប់រំ៕




