
សហរដ្ឋអាមេរិក បានធ្វើការសាកល្បងគ្រាប់បែកធ្ងន់ B61-12 ជាលើកទីពីរ ដែលត្រូវបានគេចាត់ទុកថា ជាអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់បំផុតមិនធ្លាប់មាន ស្របពេលភាពតានតឹងជាមួយកូរ៉េខាងជើងកើនឡើង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Express បានចុះផ្សាយនាព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
អាជ្ញាធរសន្តិសុខនុយក្លេអ៊ែរអាមេរិក (NNSA) បានប្រាប់ឲ្យដឹងថា ការធ្វើតេស្តគ្រាប់បែកខាងលើ ដោយគ្មានក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានទម្លាក់ពីយន្តហោះចម្បាំង F-15E នៅឯតំបន់ល្បាត Tonopah នៅរដ្ឋ Nevada ប្រទេសអាមេរិក ទទួលបានជោគជ័យនាពេលថ្មីៗនេះ។ អនុប្រធានគ្រប់គ្រងកម្មវិធីការពារជាតិរបស់ NNSA លោក Phil Calbos មានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍន៍គ្រាប់បែក B61-12 កំពុងរីកចំរើនតាមកាលគ្រោងទុក និងបំពេញតាមតម្រូវការសន្តិសុខជាតិផងដែរ។

គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តចុងក្រោយបំផុត បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាមេរិក និងកូរ៉េខាងជើង ដែលបាញ់មីស៊ីលចុងក្រោយបំផុត កាលពីម្សិលមិញ ខណៈពេលដែលប្រទេសនេះ បញ្ជូនគ្រាប់រ៉ុកកែត ទៅភាគខាងជើងប្រទេសជប៉ុន និងបង្កឲ្យមានការថ្កោលទោសពីអន្តរជាតិផងដែរ៕
