
នៅពេលការងារចេញសម្ដែងនៅប្រទេស កូរ៉េ បានចេញកាលបរិច្ឆេទជាផ្លូវការ សុខ ពិសី ក៏បានប្រាប់ថា កញ្ញាបានត្រៀមខ្លួនរួចរាល់ហើយ គឺរង់ចាំតែថ្ងៃចេញដំណើរនៅថ្ងៃទី០៤ តុលា និងសម្ដែងនៅថ្ងៃទី០៦ ទេ។ បន្ថែមពីនេះនាងក៏បានប្រាប់ពីអារម្មណ៍ពិតថា គោលដៅចេញសម្ដែងលើកនេះ នាងមានគោលបំណងតែមួយគត់ គឺដើម្បីក្មេងកំព្រា និងមន្ទីរពេទ្យ
គន្ធបុប្ផា ដូច្នេះហើយសូមប្អូនៗ និងបងៗខ្មែរធ្វើការនៅកូរ៉េចូលរួមជាថវិកាសប្បុរសធម៌តាមរយៈកម្មវិធីនេះជួយដល់កុមារកំព្រាខ្មែរ ដែលខ្វះខាតអាហារ និងត្រូវការសេវាព្យាបាលជំងឺផង។
សុខ ពិសី បន្តថា កម្មវិធីនេះតារាចម្រៀងទាំងបួនដួង រួមជាមួយអ្នករៀបចំកម្មវិធី តែងរំពឹងជោគជ័យតែអ្នកជួយជំរុញដ៏សំខាន់គឺនៅលើបងៗ និងប្អូនខ្មែរយើងដែលកំពុងធ្វើការនៅប្រទេស កូរ៉េ ចូលរួមគាំទ្រ ក៏ដូចជាជួយឧបត្ថម្ភជាថវិកាផ្ទាល់ ដើម្បីជួយបំពេញគោលដៅ ដែលកម្មវិធីសប្បុរសធម៌នេះបានធ្វើឡើង។
កញ្ញាបន្តថា នៅពេលអ្នកសិល្បៈ និងអ្នករៀបចំកម្មវិធីមានទឹកចិត្តសប្បុរសហើយ លុះត្រាតែបងប្អូនខ្មែរយើងទាំងក្នុង និងក្រៅស្រុកចូលរួមគាំទ្រ និងជួយជ្រោមជ្រែងឡើង ទើបធ្វើឲ្យកម្មវិធីទទួលបានជោគជ័យ ដែលជាចំណែកលើកទឹកចិត្តដ៏សំខាន់ បន្តធ្វើកម្មវិធីនេះទៅមុខថែមទៀត ដើម្បីជួយជាតិ កុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យតែមួយគត់ព្យាបាលកុមារខ្មែរមិនយកលុយ៕
