តុលាការកំពូលថៃ ត្រូវបានគេរំពឹងថា នឹងប្រកាសសាលក្រមផ្ដន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra នៅថ្ងៃនេះ សម្រាប់ការធ្វេសប្រហែស នៅក្នុងកម្មវិធីជួយទិញស្រូវកសិករ នៅអំឡុងពេលដឹកនាំរដ្ឋាភិបាល ហើយដែលនេះអាចធ្វើឲ្យលោកស្រី ប្រឈមមុខជាប់ពន្ធនាគារ ១០ឆ្នាំ។ បើយោងតាមគេហទំព័រសារព័ត៌មាន channelnewsasia បានចុះផ្សាយព្រឹកនេះ។
នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានចោទប្រកាន់លោកស្រី Yingluck ថា បានធ្វើឲ្យខាតបង់ថវិការដ្ឋដល់ទៅ ៨ពាន់លានដុល្លារ ដោយសារតែកម្មវិធីប្រមូលទិញស្រូវពីកសិករថៃ ក្នុងតម្លៃថ្លៃ ក៏ប៉ុន្តែលោកស្រី បានបដិសេធការចោទប្រកាន់ទាំងឡាយ និងបានអះអាងថា វាគ្រាន់តែចេតនានយោបាយចង់ធ្វើបាបលោកស្រីតែប៉ុណ្ណោះ។ ដោយឡែក នៅមុនការប្រកាសសាលក្រមនេះ ក្រុមអ្នកគាំទ្រលោកស្រី បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការកំពូល ខណៈប៉ូលិស ៤ពាន់នាក់ ត្រូវបានដាក់ពង្រាយ បើទោះជាលោកស្រី បានអំពាវនាវឲ្យអ្នកគ្រាំទ្រទាំងអស់ កុំធ្វើការប្រមូលផ្ដុំគ្នា ឬក៏ធ្វើដំណើរមកកាន់ទីក្រុងបាងកក ដើម្បីតវ៉ាក៏ដោយ។
គួររម្លឹកផងដែរថា លោកស្រី Yingluck បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថៃស្ត្រី ដំបូងគេកាលពីឆ្នាំ២០១១ តែលោកស្រី ត្រូវបានរដ្ឋាភិបាលយោធាបច្ចុប្បន្ន ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង នៅខែឧសភា ឆ្នាំ២០១៤៕



