
ភ្នំពេញ៖ លោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១២ ខែសីហា សម្រេចបញ្ជូនជនសង្ស័យម្នាក់ទៅមណ្ឌលបន្សាបគ្រឿងញៀន ខណៈស្ត្រីម្នាក់អះអាងថា ជននេះបានរំលោភសេពសន្ថវៈលើខ្លួនតែមិនបានសម្រេច ។ ស្ត្រីរងគ្រោះ ដង្ហោយរកយុត្តិធម៌ និង គ្រោងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ។ ប៉ុន្តែ លោក ចែ សុង ឆ្លើយតបថា ជនសង្ស័យគ្មានបទល្មើសប៉ុនប៉ងរំលោភសេពសន្ថវៈ ទេ ។
យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌ៧មករា បានឱ្យដឹងថា រឿងចម្លែកប្លែកគួរឱ្យហួសចិត្តមួយបានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែលមានស្ត្រីម្នាក់បានមកយំស្រែកតវ៉ានៅមុខអធិការដ្ឋានខណ្ឌ៧មករា ដោយអះអាងថាខ្លួនជាជនរងគ្រោះនៃអំពើប៉ុនប៉ងរំលោភសេពសន្ថវៈនិងបានប្តឹងឱ្យនគរបាលចាប់ខ្លួនជនសង្ស័យឈ្មោះ ជួន ចាន់រី អាយុ៣២ឆ្នាំ មុខរបរជាអង្គរក្ស មានទីលំនៅ ផ្ទះលេខ៥សេ ផ្លូវទី៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅកាន់តុលាការ តែរឿងគួរឱ្យនាងមិនអស់ចិត្តនោះគឺ ព្រះរាជអាជ្ញារង ឈ្មោះ ចែ សុង បានសម្រេចបញ្ជូនជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀនទៅវិញ ដោយមិនបានគិតគូរពីរឿង ជនសង្ស័យដេញចាប់ជនរងគ្រោះរំលោភ អ្វីឡើយ។
ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងតាម Telegram ថា “អយ្យការសម្រេចសេចក្តី ដោយពិនិត្យលើឯកសារសំណុំរឿង អង្គហេតុ អំពើរបស់ជនល្មើស រួមទាំងបទបញ្ញត្តិច្បាប់ជាធរមាន”។
លោកបន្ដថា “អយ្យការសូមបញ្ជាក់អំពីករណីដែលពាក់ព័ន្ធនឹងជនសង្ស័យឈ្មោះ ជួន ចាន់រី ថា អយ្យការសម្រេចសេចក្តីលើសំណុំរឿងនេះដោយពិនិត្យលើឯកសារសំណុំរឿង អង្គហេតុ អំពើរបស់ជនល្មើស ភស្តុតាង រួមទាំងបទបញ្ញត្តិច្បាប់ ជាធរមាន”។
“ការចោទប្រកាន់ធ្វើឡើងដោយត្រឹមត្រូវទៅតាមអំពើរបស់ជនល្មើសដែលមានអង្គហេតុនិងភស្តុតាងស៊ីសង្វាក់បញ្ជាក់យ៉ាងច្បាស់លាស់ឈានទៅដល់ការកំណត់បទល្មើសប្រើប្រាស់គ្រឿងញៀនហើយសម្រេចបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទា និង ព្យាបាលគ្រឿងញៀន”។
អ្នកនាំពាក្យរូបនេះបន្ថែមថា “រឿងនេះដោយសង្ខេបគឺគ្មានអង្គហេតុដែលពាក់ព័ន្ធនឹងពាក្យបណ្តឹង ហើយពាក្យបណ្តឹងមិនមានអានុភាពឲ្យព្រះរាជអាជ្ញាចោទប្រកាន់ទេ បើមិនទាន់បានស៊ើបអង្កេត គ្មានអង្គហេតុ គ្មានភស្តុតាងដាក់បន្ទុក”។
បញ្ជាក់៖ ជនសង្ស័យត្រូវបានបាននគរបាលខណ្ឌ៧មករាឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីមានការស្រែកឆោឡោពីស្ត្រីរងគ្រោះម្នាក់ចោទប្រកាន់ជនសង្ស័យថាចាប់រូបនាងរំលោភសេពសន្ថវៈ តែមិនបានសម្រេច នៅចំណុចផ្ទះលេខ១១៨e1 ជាន់ទី១ ផ្លូវលេខ២៤២កែង១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ពាក់ព័ន្ធករណីនេះស្ត្រីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះព្រោះហេតុផលកិត្តិយសបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យឈ្មោះជួន ចាន់រី គឺជាសង្សារប្អូនស្រីនាង ធ្លាប់មកលេងផ្ទះហូបបាយ ងូតទឹកដោយហេតុថាពួកគេរស់នៅដូចប្ដីប្រពន្ធ ហើយនៅថ្ងៃកើតហេតុ ជនសង្ស័យបានឡើងមកលើផ្ទះនាង ចូលទៅមុជទឹកដូចធម្មតា តែពេលនោះប្អូននាងមិននៅផ្ទះទេ។ បន្ទាប់មកឈ្មោះជួន ចាន់រីបានទៅយកស្រាបៀរមួយកំប៉ុងមកផឹក។ ចំណែកខ្លួននាងបានដើរទៅរៀបចំអីវ៉ាន់ក្នុងបន្ទប់ដោយមិនទាន់ទាំងបានបិទទ្វារផង ស្រាប់តែជនសង្ស័យបានស្ទុះចូលមកចាប់ឱបសង្កត់សម្រាតបម្រុងរំលោភសេពសន្ថវៈនាងតែម្ដង។ ពេលនោះនាងបានរើបម្រាស់រួចហើយរត់ចេញមកខាងក្រៅ ស្រែកឆោឡោឲ្យគេជួយតែម្តង ទើបមានអ្នកជិតខាងទូរស័ព្ទប្ដឹង នគរបាលឲ្យមកបានឃាត់ខ្លួនជនសង្ស័យនៅលើផ្ទះក្នុងពេលនោះ។
ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា ឪពុកម្ដាយជនសង្ស័យ គឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីតុលាការ ទើបអាចបង្វែរសំណុំរឿងប៉ុនប៉ងរំលោភសេពសន្ថវៈទៅជាករណីបន្សាបគ្រឿងញៀនវិញ។
ពាក់ព័ន្ធនឹងភាពមិនប្រក្រតីខាងលើ លោកចែ សុងព្រះរាជអាជ្ញារងទទួលចាត់ការសំណុំរឿងនេះបានប្រាប់អ្នកសារព័ត៌មានថា មិនមានការប៉ុនប៉ងរំលោភសេពសន្ថវៈទេ តែជនសង្ស័យមានសារធាតុញៀនតាមរយៈការធ្វើតេស្តរកសារធាតុញៀន ទើបលោកសម្រេចបញ្ជូនជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀន៕

