
តារាចម្រៀងកញ្ញា ខេខេ ទើបតែប៉ះជាមួយតារាចម្រៀងលោក ងួន ចាន់ដេវីត ម្តងទេ ក្នុងការថត MVបទចម្រៀង "មនុស្សស្រីដែលបងស្រឡាញ់" ។ ការប៉ះគ្នាជាលើកដំបូងនេះកញ្ញា ខេខេ ក្រៅពីកោតសរសើរតារាប្រុសរូបនេះ កញ្ញាក៏បានប្រាប់ដោយសម្តីក្នុងចិត្តថា នាងធ្លាប់តែឃើញ ដេវីត ក្នុង MV ពេលបានជួបផ្ទាល់នាងពិតជាចិត្តរំភើបខ្លាំងចំពោះតារាប្រុសរូបនេះ។
បញ្ជាក់ប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube តាមទូរស័ព្ទថា "ចា៎! បងថ្មីៗនេះខ្ញុំទើបបានថត MV ជាលើកដំបូងនៅផលិតកម្ម ហង្សមាស ហើយក៏ទើបបានកៀកស្មានថត MVជាមួយលោក ងួន ចាន់ដេវីត លើកទីមួយផងដែរ គឺបទ "មនុស្សស្រីដែលបងស្រឡាញ់" ។

កញ្ញា បន្តថា "ពេលបានធ្វើការជួយមួយតារាប្រុសរូបនេះខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ព្រោះបានបន្សល់ទុកអនុស្សាវរីយ ដែលខ្ញុំមិនអាចបំភ្លេចបានមួយចំនួនផង។ ព្រោះពីដំបូងឡើយខ្ញុំត្រូវអ្នកដឹកនាំរាំអមគាត់ទេ តែពេលនោះ ខណៈដែលកំពុងថត គាត់ក៏បានស្ទុះមកចាប់ទាញដៃខ្ញុំទៅរាំលេងជាមួយគាត់តែម្តង ឈុតរាំងនេះហើយខ្ញុំបានស្និទ្ធស្នាលជាមួយគាត់ខ្លាំង ធ្វើឲ្យខ្ញុំរំភើបតែម្ដង"។
ឆ្លើយតបដូច្នេះពេលយើងទម្លាក់សំណួរថា ការបញ្ជាក់របស់កញ្ញា ហាក់ មានអារម្មណ៍ពិសេសចំពោះលោក ងួន ចាន់ដេវីត ខ្លាំង តើជាស្នេហា ឬគ្រាន់តែជាសិល្បៈ ? សំណួរនេះ ខេខេ បានប្រាប់យ៉ាងច្បាស់ថា " ចា៎ ! ខ្ញុំពិតជាមានចិត្តបែបស្នេហាពិតមែន នេះជាអារម្មណ៍ក្នុងបេះដូងខ្ញុំ គាត់ជាបុរសទាក់ទាញបំផុតសម្រាប់រូបខ្ញុំ ហើយបង ដេវីត គាត់ក៏ប្រហែលដឹងដែរ"។
ជាមួយគ្នានេះ Kqube មិនទាន់ទទួលបានការបញ្ជាក់ពីលោក ងួន ចាន់ដេវីត បន្ថែមទេ តែទោះយ៉ាងណា សម្រាប់អារម្មណ៍ស្នេហ៍ក្រៅឆាករបស់កញ្ញា ខេខេ ដែលមានចំពោះលោក ប្រសិនបើតារាប្រុសរូបសង្ហាបានដឹងហើយ អាចទទួលយក នៅមិនទាន់ដឹងទេ ខណៈដែលរឿងនេះមានអ្នកគាំទ្រមួយចំនួនបាន Comment ទៅ ខេខេ ក្នុងហ្វេសប៊ុកថា ប្រយ័ត្ន មានបញ្ហាជាមួយទេព បូព្រឹក ៕
