
ពិធីបុណ្យភ្ជុំជិតចូលមកដល់ហើយ មិនថាតែទស្សនិកជន និងអ្នកសិល្បៈទេ បានរង់ចាំធ្វើទានទាំងទឹកចិត្តជ្រះថ្លា។ យ៉ាងណាមិញតារាចម្រៀងរបស់ ហង្សមាស សាន ស្រីឡៃ កាលពីថ្ងៃម្សិលមិញនេះបានធ្វើកាដូជូនម្ដាយមានគ្រឿងសម្អាង និងលុយដុល្លារទាំងខ្ទាស់ ដែលធ្វើឲ្យម្ដាយសប្បាយចិត្តស្ទើរស្រក់ទឹកភ្នែក ចំពោះភាពកតញ្ញូរបស់នាង។
សាន ស្រីឡៃ បានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube នៅមុននេះបន្តិចថា មួយរយៈនេះនាងជាប់រវល់ការងារសិល្បៈច្រើន ព្រោះនាងត្រូវថតទាំង MV និងភាពយន្តឲ្យ ហង្សមាស និងការងារចេញច្រៀងតាមឆាកតន្ត្រី ដូច្នេះទើបនាងមិនសូវបានមកជួបជុំម្ដាយ និងប្អូនៗទេ ប៉ុន្តែសម្រាប់ការជូនសម្ភារ និងលុយកាក់ជូនម្ដាយ គឺនាងបានធ្វើជាប្រចាំ គ្រាន់តែមិនបានថតផុស ព្រោះនាងគិតថាមិនសូវសមរម្យ តែពេលនេះដោយសារប្អូនៗរបស់នាង ទាមទារថតទុកជាអនុស្សាវរីយ និងចង់ឃើញទឹកមុខម្ដាយរីករាយទើបចង់ថតទុក ហើយក៏យកផុសក្នុងហ្វេសប៊ុកតែម្ដងទៅ។
តារារូបនេះបន្តថា កាដូ ដែលនាងបានទិញគឺគ្រឿងសម្អាង មានទឹកអប់ ក្រែម ម្សៅ និងលុយចំនួន១ពាន់ដុល្លារ ដែលបានមកពីការបើកប្រាក់ខែ និងប្រាក់ចេញខនសឺតមកជូនម្ដាយ ព្រោះនាងបានដឹង ម្ដាយគាត់ចង់ទៅលេងស្រុក ដូច្នេះហើយនាងចង់បំពេញបំណងជូនគាត់ក្នុងនាមជាកូន។ ស្រីឡៃ បន្តថា ទង្វើរបស់នាងគឺពិតជាធ្វើឲ្យម្ដាយសប្បាយចិត្តខ្លាំងណាស់ រហូតគាត់រំភើបពេកស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ។
តារាស្រីរូបស្រស់បានបន្តថា នេះជាទង្វើដែលនាងចង់ធ្វើជូនម្ដាយនៅមុនរដូវបុណ្យភ្ជុំចូលមកដល់ ហើយទោះជាធ្វើបានប៉ុនណាក៏ដោយ ព្រោះជាសកម្មភាពនេះកើតចេញពីចិត្តជ្រះថ្លា និងភាពកតញ្ញូចំពោះអ្នកមានគុណ ដែលយើងជាកូនគ្រប់រូបត្រូវតែធ្វើ ទោះជាបានប៉ុនណា ក៏ជាបុណ្យ ដ៏មានតម្លៃ៕

