
សហរដ្ឋអាមេរិក មានផែនការរួចជាស្រេចសម្រាប់ធ្វើការវាយកម្ទេចលើទីតាំងមីស៊ីលរបស់កូរ៉េខាងជើង ដោយទម្លាក់គ្រាប់បែកតាមយន្តហោះធុនធ្ងន់ និងរង់ចាំការបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងគេហទំព័រសារព័ត៌មាន Express បានចេញផ្សាយនាយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។
យោងតាមមន្ត្រីយោធាអាមេរិកលោក James Stavridis បានឲ្យដឹងថា ផែនការនេះពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ Rockwell B-1 Lancer ពីមូលដ្ឋានទ័ពអាកាស Andersen នៅដែនកោះ Guam។ លោកបានបន្ថែមទៀតថា យន្តហោះទម្លាក់គ្រាប់បែក B-1B ចំនួន ៦គ្រឿង ត្រូវបានឈរជើង និងរងចាំបញ្ជា នៅមូលដ្ឋានទ័ពមួយកន្លែង ដែលមានទីតាំងប្រហែល ៣.២០០គីឡូម៉ែត្រ ពីប្រទេសកូរ៉េខាងជើង។
គួររម្លឹកផងដែរថា សហរដ្ឋអាមេរិក ពឹងផ្អែកលើប្រព័ន្ធការពារមីស៊ីល (BMDS) ដែលផ្ដល់ឱកាសជាច្រើន ដើម្បីកម្ទេចមីស៊ីល និងក្បាលកាំជ្រួចរបស់កូរ៉េខាងជើង ICBM មុនពេលពួកគេអាចឈានដល់គោលដៅរបស់ខ្លួន៕

