
ភ្នំពេញ ៖ កាលវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ បុរសបានប្រើល្បិចលួងលោមនារី មានប្តីម្នាក់ ហើយប៉ុនប៉ងរំលោភសេពសន្ទវៈ តែមិនបានសម្រេច ត្រូវនាងស្រែកអោយគេជួយ និងប្តឹងប៉ូលីសអោយឃាត់ខ្លួន នៅចំណុចក្រុម១ ក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមសមត្ថកិច្ចបានអោយដឹងថា នារីរងគ្រោះ ឈ្មោះ រឿន រាំុ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ មានស្នាមមុតដោយក្រចកនៅលើក្បាលពោះ លើ ក និងលើភ្នែកខាងឆ្វេង ។ ចំណែកបុរសជាប់ចោទមានឈ្មោះ ប៉េន សុភ័ណ្ឌ អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តីទីភ្នំពេញថ្មី លោក ដួង វណ្ណៈ បានឲ្យដឹងថា មុនពេលកើតហេតុ កាលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៩ នារីរងគ្រោះបានពឹងជនសង្ស័យខាងលើជា មនុស្សស្គាល់គ្នា និងមានបន្ទប់ជួលនៅជិតគ្នា ឲ្យជូនរូបនាងទៅរកប្តីនៅកន្លែងធ្វើការនៅម្តុំផ្សារធំថ្មី ខណ្ឌដូនពេញ លុះទៅដល់ម្តុំផ្សារធំថ្មី នារីរងគ្រោះ រកប្តីរបស់ខ្លួនមិនឃើញពេលនោះទើបនាងបានឲ្យជនសង្ស័យឌុបខ្លួនត្រឡប់មកផ្ទះវិញ ពេលកំពុងធ្វើដំណើរតាមផ្លូវ ជនសង្ស័យបានប្រាប់នារីរងគ្រោះថា ខ្ញុំចូលទៅកន្លែងធ្វើការមួយភ្លេត (កន្លែងកើតហេតុ) ពេលទៅដល់ជនសង្ស័យបានហៅអ្នកធ្វើការសំណង់ជាមួយគ្នា ទៅទិញស្រាបៀរផឹកជាមួយនាងរងគ្រោះ ពេលផឹកស្រាបៀររហូតដល់ម៉ោង២២ និង៣០នាទីយប់ ថ្ងៃ៤ ខែសីហា ឆ្នាំ២០១៧ ដោយមានសភាពស្ងាត់ ជនសង្ស័យបាន និយាយទៅកាន់នារីរងគ្រោះថា មិនបាច់ទៅផ្ទះទេ ពេលនោះនាងរងគ្រោះមិនព្រម តែជនសង្ស័យបានធ្វើសកម្មភាពចាប់អូសដៃនាងរងគ្រោះ ប្រឡេះឡេវខោ និងគំរាមនាងមិនអោយស្រែក ។ បន្ទាប់មកនាងរងគ្រោះ និងជនសង្ស័យបាន ប្រតាយប្រតប់គ្នា រួចនាងបានរត់ចេញគេចខ្លួនពីកណ្តាប់ដៃប្រុសព្រាននោះ។
លុះដល់ម៉ោង៥ និង១០នាទីទាបភ្លឺ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នាងរងគ្រោះបានជួបប្តីក៍និយាយប្រាប់ពីដំណើររឿងដែលកើតឡើងកាលពីពេលយប់ អោយប្តីដឹង។ និងបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី រហូតដល់ម៉ោង ១៧ និង១០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ទើបនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការ សាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី ៕

