
CNN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រៀមនឹងធ្វើការបោះឆ្នោតចំពោះដំណោះស្រាយថ្មី ដែលនឹងក្លាយជាទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាងមុនទៅលើទីក្រុងព្យុងយ៉ាង ហើយជាការឆ្លើយតបទៅនឹងភាពរឹងទទឹងរបស់លោក kim jong un ក្នុងការបាញ់មីស៊ីលឆ្លងទ្វីប ICBM ជាលើកទីពីរ កាលពីសប្ដាហ៍មុននេះ។
ដំណោះស្រាយនេះដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ខែសីហា សម្រាប់ការពិចារណាលើកដំបូងដោយក្រុមប្រឹក្សាសន្តិសុខជាតិទាំង ១៥ប្រទេសនឹងរារាំងសេដ្ឋកិច្ចនាំចេញរបស់កូរ៉េខាងជើង។ អ្នកការទូត ម្នាក់ បាននិយាយថា "វាជាថ្ងៃល្អ ពីព្រោះវាបង្ហាញពីការបង្រួបបង្រួមកាន់តែច្រើនក្នុងចំណោមប្រទេសនានា ដើម្បីដាក់សម្ពាធបន្ថែមទៀត និងការប្រឈមមុខនឹងការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើង"។
ចំពោះសេចក្ដីព្រាងនៃទណ្ឌកម្មខាងលើនេះ គឺត្រូវបានតាក់តែងឡើងដោយសហរដ្ឋអាមេរិកផ្ទាល់តែម្ដង ដោយមានគោលដៅកាត់បន្ថយ ប្រាក់ចំណូលក្នុងវិស័យពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងជើង ឲ្យបានយ៉ាងហោចណាស់ 1/3 ឬមកនៅត្រឹម ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក បានសម្រេចចេញចំណាត់ការក្ដៅលើកនេះ ក្រោយពីខ្លួនបានអះអាងថា កិច្ចពិភាក្សា និងសម្ពាធទៅលើប្រទេសចិន ឲ្យជួយចាត់វិធានការទៅលើប្រទេសកូរ៉េខាងជើងនោះ ពុំបានចេញជាផ្លែផ្កាអ្វីសោះឡើយ ហើយទណ្ឌកម្មលើនេះ វាប្រាកដណាស់ថា នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសចិនផងដែរ ព្រោះទីក្រុងប៉េកាំង គឺជាដៃគូពាណិជ្ជកម្មធំលេខ១ សម្រាប់កូរ៉េខាងជើងតែម្តង៕
