
ថ្មីៗនេះអតីតដៃគូសិល្បៈចាស់កញ្ញា ពេជ្រ អាវីហ្សា និងលោក អេនឌី បានវិលមកប៉ះគ្នាជាថ្មីម្ដងទៀតហើយ ជាមួយទម្រង់ថតចាស់ ដែលធ្លាប់ធ្វើឲ្យអ្នកទស្សនាក្ដៅខ្លួនពេលបានឃើញផ្ទាំងរូបភាព ស្នេហារោលរាលទាំងនៅលើគ្រែ និងក្នុងបន្ទប់ទឹក។ពេលនេះតារាប្រុសស្រីបានវិលមកបង្អួតចក្ខុមហាជនជាថ្មីទៀតហើយ ជាមួយនឹងឈុតឆាកលោក អេនឌី ថើបញក់ញី និងស្ទាប់អង្អែលសព្វប្រាណកញ្ញា ពេជ្រ អាវីហ្សា រហូតធ្វើឲ្យតារាស្រីរូបនេះបង្ហើបប្រាប់អារម្មណ៍ពិតពេលប៉ះម្រាមដៃតារាប្រុស។
ផ្ដល់បទសម្ភាសន៍ជាមួយលោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube មុននេះបន្តិចកញ្ញា ពេជ្រអាវីហ្សា បានប្រាប់ថា"ចា៎ ! បងការថតជាមួយបង អេនឌី លើកក្រោយនេះ គឺថតដូចមែនទែនចឹង ហើយគាត់បានថើបញក់ញីស្ទាប់អង្អែលខ្លួនប្រាណខ្ញុំខ្លាំងណាស់។ និយាយទៅបើសិនឈុតនេះមិនមានជាប់រូបអ្នកកាន់កាមេរ៉ាថត គឺប្រាកដជាគ្មានអ្នកជឿថា ជាការថតទេ"។

កញ្ញាបន្តថា "ការថតជាមួយបង អេនឌី គ្រាន់តែជាការសម្ដែងទេ តែមានអ្នកសួរខ្ញុំច្រើនថា ពេលថតមានអារម្មណ៍ម៉េចដែរ ព្រោះមើលទៅដូចមែនទែនណាស់ ? សំណួរនេះខ្ញុំសូមឆ្លើយតបតាមរយៈ Kqube នៅថ្ងៃនេះថាខ្ញុំមិនមានអារម្មណ៍អីទេ ព្រោះខ្ញុំនឹងគាត់ដូចជាបងប្អូនបង្កើតអ៊ីចឹង "។
ដោយឡែកលោក អេនឌី បានប្រាប់ថា ការដែលលោកមកថតជាមួយកញ្ញា ពេជ្រ វីហ្សា ជាថ្មីនេះ គឺមកពីលោកខានថតជាមួយគ្នាយូរហើយ ហើយក៏មានអ្នកគាំទ្រជាច្រើនបានសួរ និងចង់ឃើញ Style ថតថ្មីៗរវាងលោក និងកញ្ញា ពេជ្រ អាវីហ្សា ព្រោះរូបភាពពីមុនរបស់ពួកគេមានការគាំទ្រខ្លាំង។ លោកបន្តថា រូបភាពដែលលោកថតថ្មីនេះគឺថតវីដេអូ តែលោកសុំលាក់សិន ចាំវីដេអូនេះចេញចាំលោកប្រាប់តែម្ដង។
លោក អេនឌី បន្តថា ការវិលមកថតជាមួយដៃគូចាស់លើកនេះ លោកក៏រំពឹងថា ទទួលបានការគាំទ្របានច្រើនដូចលើកមុនដែរ ព្រោះរូបថ្មីៗមានច្រើន ហើយក៏មានភាពទាក់ទាញមិនចាញ់រូបចាស់ៗទេ៕
