
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី THERESA May បានបញ្ជូននាវាចម្បាំង HMS Argyll មួយគ្រឿង ទៅចូលរួមក្នុងសមយុទ្ធយោធាជាមួយជប៉ុន នៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយកូរ៉េខាងជើង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
លោកស្រី May បានធ្វើសេចក្ដីប្រកាសខាងលើ មុនពេលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសជប៉ុន ដែលបានអញ្ជើញចូលរួមជានិមិត្តរូបដល់កិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅរវាងប្រទេសទាំងពីរ។ លោកស្រីបានបន្តទៀតថា "ខ្ញុំប្ដេជ្ញាចិត្តនឹងពង្រឹងការឆ្លើយតបរួម ចំពោះការគំរាមកំហែងសណ្ដាប់ធ្នាប់អន្តរជាតិ សន្តិភាព និងសន្តិសុខពិភពលោក តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអ៊ីនធឺណិត និងប្រឆាំងភេរវកម្មនាៗ"។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន យន្តហោះចម្បាំងអង់គ្លេស RAF Typhoon ចំនួន ៤ គ្រឿង ដែលគាំទ្រដោយយន្តហោះដឹកជញ្ជូន C-17 បានចូលរួមក្នុងសមយុទ្ធមួយជាមួយកងកម្លាំងការពារជាតិជប៉ុន នៅភាគខាងជើងប្រទេស៕
