
មួយរយៈនេះមិនមែនតែសិស្សានុសិស្ស និងឪពុកម្ដាយទេ ដែលចាប់អារម្មណ៍ចំពោះការប្រលងរបស់ខ្លួន និងកូនៗ សូម្បីតែអ្នកសិល្បៈមួយចំនួន ក៏បានចេញសារជូនពរ Fan របស់ខ្លួន ឲ្យប្រលងជាប់គ្រប់គ្នាផងដែរ។ ជាក់ស្ដែងតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ក៏បានផ្ញើសម្ដីតាមរយៈ Kqube ពេលស្ដាប់ហើយ នឹងធ្វើឲ្យសិស្សានុសិស្សកាន់តែមានទំនុកជាមិនខាន...។
ថ្ងៃទី០៧ ដល់ទី០៨ សីហា នេះគឺជាថ្ងៃវាស់ស្ទង់សមត្ថភាព ចំណេះដឹងសិស្សថ្នាក់ទី០៩ ឬកម្រិតឌីប្លូម។ ដោយឡែកថ្ងៃទី ២១ ដល់ទី ២២ សីហា ក៏ជាថ្ងៃសិស្សថ្នាក់ទី១២ ឬកម្រិត ទុតិយភូមិ បង្ហាញសមត្ថភាពផងដែរ។ ស្របគ្នានេះ ពេជ្រ សោភា ក៏បានឆ្លៀតពេលផ្ដល់បទសម្ភាសន៍ជាមួយលោក តាន់ ចន្ថា ថា "ចា៎ ! បងរឿងប្រលងមិនថា ថ្នាក់ ឌីប្លូម ឬបាក់ឌុបទេ គឺសំខាន់ដូចគ្នា សម្រាប់អ្នកសិក្សា ដូច្នេះហើយប្អូនៗ ត្រូវតាំងស្មារតី ព្យាយាមធ្វើកិច្ចការនេះឲ្យបានល្អ និងកុំបំពានលើបម្រាមផ្សេង "។

ពេជ្រ សាភា បន្តថា "សម្រាប់អ្នកជាប់គឺជារឿងល្អ និងសប្បាយចិត្តណាស់ តែសម្រាប់អ្នកធ្លាក់ ក៏មិនត្រូវបាក់ទឹកចិត្ត ឬបោះបង់ការសិក្សាឡើយ ត្រូវតាំងចិត្តកាន់ប៊ិច និងសៀវភៅបន្តទៀត ត្រូវគិតថា មានបងប្អូន ប៉ាម៉ាក់ និងមិត្តភ័ក្ដិចាំជួយផ្ដល់កម្លាំងចិត្តពីក្រោយ សំខាន់ឲ្យតែយើងចេះតស៊ូ ព្រោះជោគវាសនាខ្លួន គឺស្ថិតនៅលើយើងខ្លួនឯង ជាអ្នកកំណត់ បើយើងខំប្រឹង ពេលនេះទៅថ្ងៃអនាគតយើងនឹងរស់នៅប្រកបដោយសុភមង្គល"៕
