
ប្រទេសរុស្សី បានព្រមានថា ស្ថានភាពរវាងកូរ៉េខាងជើង និងអាមេរិក មានភាពតានតឹងកើនឡើងបន្ថែមទៀត អាចនាំឲ្យមានសង្គ្រាម ដែលគំរាមកំហែងដល់ពិភពលោកទាំងមូល។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើការគំរាមកំហែងបើកចំហទៅលើកូរ៉េខាងជើង ដែលអាចបង្កើនការធ្វើសង្គ្រាម និងអាចសម្លាប់មនុស្សរាប់សែននាក់។ លោកស្រី បានបន្ថែមទៀតថា ប្រសិនបើសង្គ្រាមផ្ទុះចេញ វានឹងជាការដួលរលំនៅលើមាត្រដ្ឋានសកល ជាមួយនឹងការរំលោភបំពានពេញលេញលើច្បាប់អន្តរជាតិផងដែរ។
ប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យកងទ័ពត្រៀមខ្លួនធ្វើការបាញ់មីស៊ីលផ្លោងគ្រប់ពេលវេលា ខណៈពេលដែលរដ្ឋមន្ត្រីការពារជាតិអាម៉េរិក និយាយថា យោធាខ្លួនរៀបចំការពារពីការវាយប្រហារណាមួយ ឬក៏ធ្វើសង្គ្រាម។

សហរដ្ឋអាមេរិក ដែលជាអ្នកនាំយកអាវុធនុយក្លេអ៊ែរ មកប្រទេសជប៉ុន ជាលើកដំបូង គួរតែធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងបង្ហាញតាមរយៈសកម្មភាព ប្រសិនបើពួកគេចង់បន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងទប់ស្កាត់ការប៉ះទង្គិចយោធាដ៏គ្រោះថ្នាក់នេះ។
គួរបញ្ជាក់ផងដែរថា រដ្ឋលេខាធិការលោក Rex Tillerson និងមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែប្រុងប្រយ័ត្ន ដើម្បីឆ្លើយតបចំពោះការគំរាមកំហែងម្ដងហើយម្ដងទៀតពីរបបលោក គីម ជុងអ៊ុន នៅពេលដែលភាពតានតឹងនាពេលបច្ចុប្បន្នកើនឡើងដល់កម្រិតដែលមិនអាចកំណត់បាន៕
