
កងកម្លាំងអាកាសកូរ៉េខាងត្បូង បានបង្ហាញពីសាច់ដុំ នៅពេលការហ្វឹកហាត់បំផ្ទុះគ្រាប់បែក ដោយយន្តហោះចម្បាំង F-15K ចំនួន ៤គ្រឿង ដែលទម្លាក់គ្រាប់បែកធុនធ្ងន់ MK84 ចំនួន៨គ្រាប់ ក្រោយកូរ៉េខាងជើង បាញ់សាកល្បងកាំជ្រួចមីស៊ីលធន់មធ្យម។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន sputnik បានចុះផ្សាយនាព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in កាលពីម្សិលមិញ បានបញ្ជាអោយឧត្ដមសេនីយ៍លោក Chung Eui-yong បង្ហាញសមត្ថភាពយោធា ក្នុងការវាយលុកពីទីក្រុងព្យុងយ៉ាង និងថ្កោលទោសយ៉ាងខ្លាំងចំពោះកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលផ្លោង ព្រមទាំងការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា មន្ត្រីការពារជាតិកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា យើងកំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល យន្តហោះទម្លាក់គ្រាប់បែក យន្តហោះបំបាំងកាយ យន្តហោះចម្បាំងបំពាក់ប្រព័ន្ធការពារមីស៊ីល Aegis និងនាវាមុជទឹកដើរដោយនុយក្លេអ៊ែរបន្ថែមទៀត៕