ខណៈពេលដែលថ្នាក់ដឹកនាំប្រទេសចិន លោក ស៊ីជីន ភីង ចង់ពង្រឹង និងបន្ថែមចំនួនកងកម្លាំងយោធាឲ្យកាន់តែរឹងមាំជាងមុន ដើម្បី "ការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងការអភិវឌ្ឍន៍" ប៉ុន្តែជាលទ្ធផលនៃការជ្រើសរើសនោះគឺទទួលបានផលមិនសូវល្អ ព្រោះតែយុវជនចិនក្រោយឆ្លងកាត់ការធ្វើតេសមកបានរកឃើញថា ពួកគេបានចំណាយពេលប្រើប្រាស់ទូរស័ព្ទច្រើន, បរិភោគអាហារលើស និងសម្រេចកាមដោយខ្លួនឯងច្រើន។ ហើយនេះបានធ្វើឲ្យពួកគេមិនត្រូវបានគេជ្រើសរើសយកមកធ្វើកម្លាំងយោធាដើម្បីបំរើជាតិនោះទេ។
យោងតាមអត្ថបទដែលបានចុះផ្សាយក្នុងគណនី WeChat របស់យោធាចិន បានឲ្យដឹងថា អត្រាប្រមាណជា 56,9% នៃប្រជាជនចិនរស់នៅក្នុងស្រុកមួយ (មិនបញ្ចេញឈ្មោះ) បានធ្លាក់ចេញពីការជ្រើសរើស ព្រោះពួកគេមិនត្រូវតាមស្តង់ដារកាយសម្បទានជាយោធា។
ក្រៅពីនេះទៀត មួយភាគប្រាំនៃបេក្ខជនខាងលើ ធ្លាក់ដោយសារតែមានរូបរាងធាត់ពេក, ប្រើប្រាស់ស្មាតហ្វូនហួសប្រមាណ ធ្វើឱ្យរង់ផលប៉ះពាល់ដល់ភ្នែក, ញ៉ាំអាហារសម្រន់ ផឹកសូដា ប៉ុបស៊ី.... ច្រើនជ្រុល នាំអោយថ្លើម និងមុខងារប្រមាត់ពួកគេខ្សោយ។ ចំណែក 8% ទៀត ត្រូវបានច្រានចោលដោយសារតែ "ការរីកធំធាត់មិនធម្មតានៃសរសៃឈាមនៃពងស្វាសតូច" ដែលបណ្តាលមកពីការសម្រេចកាមដោយខ្លួនឯងច្រើនពេក។

